ភ្នំពេញ៖ ក្នុងផេកហ្វេសប៊ុកផ្លូវការកាលពីព្រឹកថ្ងៃទី២៧ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសប្រាប់ដល់ប្រជានុរាស្ត្ររបស់សម្តេចថា មានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតសម្តេចតេជោ ដែលជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួន។
ក្នុងផេកដដែល សម្ដេចតេជោហ៊ុនសែន បានថ្លែងបញ្ជាក់ថា “កាលពីព្រឹក២៧វិច្ឆិកានេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ករណីនេះនៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។ ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។សូមអរគុណជនរួមជាតិចំពោះការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”៕ ដោយ៖បញ្ញាស័ក្តិ