ខេត្តស្វាយរៀង ៖ លោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បាន អញ្ជើញជាអធិបតីនៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលារៀនជំនាន់ថ្មីលើកដំបូងស្ថិតនៅភូមិស្វាយព្រហួត ឃុំ គោកព្រីង ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
នៅក្នុងពិធីនេះផងដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជា លោក ណៃ ជេលស្ពេនស៍នាយកប្រតិបត្តិអង្គការឆាលហ្វានអូស្ត្រាលី លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធនានាព្រមទាំងប្រតិភូតំណាងឱ្យខេត្តក្រចេះ និងខេត្តបាត់ដំបង រួមនិងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកអ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ឱ្យដឹងថាៈ ក្រសួងអប់រំយុវជននិងកីឡាមានគោល នយោបាយចម្បងៗចំនួន១៥ចំណុចដូចជាការបង្កើតសាលារៀនជំនាន់ថ្មី-ពង្រឹងគុណភាពនៃការប្រឡងការអប់រំនិងទីផ្សារ-ចេះទ្រឹស្តី-អនុវត្តបង្កើតកម្មវិធីថ្មី-បន្តសិក្សាពេញមួយជីវិតដោយបានរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨ដោយរួមបញ្ចូលនូវយុទ្ធសាស្ត្រនិងសកម្មភាពការងារអប់រំបច្ចេកទេសផ្តោតការយកចិត្តទុកដាក់ចម្បងលើការងារតម្រង់ទិសវិជ្ជាជីវៈសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចគ្រួសារ សង្គម និងបន្តការសិក្សាពេញមួយជីវិត។
លោករដ្ឋលេខាធិការបានមានប្រសាសន៍បន្តទៀតថាៈ នាពេលបច្ចុប្បន្ននេះក្រសួងអប់រំយុវជននិងកីឡានិងក្រសួងការងារបានបញ្ជូនបុគ្គលិកថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលមានសក្តានុពលរបស់ខ្លួនចូលរួមវគ្គបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងនៅក្រៅប្រទេសក្រោមការឧបត្ថម្ភគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ដើម្បីទទួលការបណ្តុះបណ្តាល និងអភិឌ្ឍសមត្ថភាពបន្ថែមទាក់ទងនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈសិក្សាពីប្រព័ន្ធបណ្តុះបណ្តាលនៅបរទេស ទស្សនៈកិច្ចសិក្សានៅតាមស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជន វិទ្យាល័យបច្ចេកទេស វិទ្យាស្ថានបច្ចេកទេស អង្គការព្រមទាំងការជជែកជាមួយអ្នកជំនាញនៃវិស័យនេះ។
លោក ប្រាស្សានវើម៉ោ (Mr Prashant Verma) នាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថាៈនៅប្រទេសកម្ពុជាអង្គការឆាលហ្វានបានចាប់ផ្តើមការងាររបស់ខ្លួនកាលពីឆ្នាំ២០០៧ហើយកំឡុងពេល ១ ទសវត្ស៍នេះឆាលហ្វាន បានធ្វើឱ្យជីវិតរស់នៅរបស់កុមារជាង២សែននាក់រួមទាំងគ្រួសាររបស់ពួកគេប្រែប្រួលប្រសើរឡើងជារៀងរាល់ឆ្នាំដោយធ្វើការសហការ ការងារជាដៃគូជាមួយកុមារ សហគមន៍ និងស្ថាប័នក្នុងស្រុក ដើម្បីបង្កើតឱ្យមានការអភិវឌ្ឍន៍ដែលស្ថិតស្ថេរយូរអង្វែង ឆ្លើយតបផ្នែកមនុស្សធម៍និងការលើកកម្ពស់សិទ្ធិរបស់កុមារ។
លោកនាយកបានមានប្រសាសន៍បន្តទៀតថាៈ គម្រោង បច្ចុប្បន្នក៍ដូចជាគម្រោងពីមុនៗត្រូវបានអនុវត្តនៅតាមតំបន់ជនបទនៃខេត្តស្វាយរៀង ក្រចេះ និងបាត់ដំបង ព្រមទាំងនៅជាយរាជធានីភ្នំពេញផងដែរដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដែលក្រីក្រជាពិសេសកុមារ។
ការរួមគ្នាបង្កើតនូវសាលារៀនជំនាន់ថ្មីនេះក៏ជាកិច្ចខិតខំប្រឹងប្រែងបន្ថែមមួយទៀតនៅក្នុងទិសដៅបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារក្នុងការទទួលបានការអប់រំដែលមានគុណភាពហើយសាលារៀនជំនាន់ថ្មីនេះគឺជាគោលគំនិតនៃការង្ហាញពីការរអប់រំដែលមានគុណភាពជាមួយនិងភាពម្ចាស់ការកាន់តែរឹងមាំនៅថ្នាកមូលដ្ឋាន និងភាពជាអ្នកដឹកនាំដែលមានលក្ខណៈឆ្លើយតបដើម្បី បញ្ជ្រៀបឥទ្ធិពលជាបន្តបន្ទាប់ទៅលើតួអង្គសំខាន់ៗនៅក្នុងប្រទេស កម្ពុជាអោយគាំទ្រដល់សាលារដ្ឋ ដែលទាំងនេះជាការបង្ហាញនូវគំរូអភិបាលកិច្ចល្អបទដ្ឋានវិជ្ជា្ជជីវៈខ្ពស់ និងបទដ្ឋានសិក្សាដែលមានគុណភាពខ្ពស់ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើបបំផុត។ នៅក្នុងការរួមគ្នាបង្កើតនូវសាលារៀនជំនាន់ថ្មីនេះរដ្ឋាភិបាល អង្គការ ជាដៃគូរមានអង្គការខេប សហគមន៍និងសមាជិកសម្ព័ន្ធបានចែករំលែកធនធានជាមួយគ្នានិងបានពង្រីកឱកាសសម្រាប់កុមារ និងយុវជននៅតាមតំបន់ជនបទ ដាច់ស្រយាលឱ្យមានភាពប្រកួតប្រជែងភាពស៊ាំនិងសមត្ថភាពកាន់តែខ្ពស់ ៕វ៉ៃកូ