ភ្នំពេញ៖ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា នេះ ភាគីថៃមិនទាន់បានបញ្ជូនត្រលប់កងកម្លាំងយើងទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនចាប់តាំងពីព្រឹកម៉ោង៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះនៅឡើយទេ។
លោកជំទាវម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា កម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង ១៨នាក់»។
បើតាមលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ , «កម្ពុជា បដិសេធចំពោះការលើកឡើងរបស់ភាគីថៃ ដែលថាកម្ពុជាបានបង្ហោះដ្រូនចូលទឹកដីថៃ និងស្នើឱ្យថៃចៀសវាងការបង្ហោះដ្រូនចូលទឹកដីកម្ពុជា ព្រោះថាការធ្វើបែបនេះមិនមានផលចំណេញដល់បទឈប់បាញ់នោះទេ»៕រក្សាសិទ្ធដោយ៖សុទ្ធលី
