ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអាទិត្យនេះ បានចេញប្រកាសស្តីពីការបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល!។
សូមរំលឹកផងដែរថា សម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យនេះបានថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប។
ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា ខ្ញុំបានប្រាប់ទៅឯ.ឧ គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯ.ឧ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



