ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានចោទសួរថា ហេតុអ្វីបានជាថៃមិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យប្រទេសកម្ពុជាវិញ? ទាំងដែលថៃបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា បន្ទាប់ពីសម្រាកបានជាង២ម៉ោង សម្ដេចបានបន្ដមកប្រចាំការ ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំង និងការរំលោភណាមួយពីភាគីម្ខាងទៀត។
សម្ដេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន រយៈពេលប្រមាណ៨ម៉ោង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយសម្រាកបានជាង២ម៉ោង យើងមកប្រចាំការបន្តទៀត ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំង និងការរំលោភណាមួយពីភាគីម្ខាងទៀត។
ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន រយៈពេលប្រមាណ៨ម៉ោង ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។ ហេតុផលអ្វីទៅដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?»៕រក្សាសិទ្ធដោយ៖សុទ្ធលី




