ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ៖ “ថៃ បានបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដោយនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងកម្ពុជាក៏ដោយ។
គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។
ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។
កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី




