ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅល្ងាចថ្ងៃទី ៤ ខែសីហានេះបបានឆ្លើយតបចំពោះការចេញផ្សាយរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងមតិរបស់មនុស្សខ្លះនៅបាងកក ដែលអះអាងថា សម្តេចតេជោ បំពានរដ្ឋធម្មនុញ្ញកម្ពុជា ដោយសារចូលរួមបញ្ជាកងទ័ព។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថាខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។
មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។
សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។
ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?
សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។
តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។
បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។
សូមប្រជាជនកម្ពុជាជឿទុកចិត្តលេីសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលេីការងារកងទ័ព”៕ រក្សាសិទ្ធដោយ៖សុទ្ធលី




