Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល […] ហើយបានផ្តល់នូវលទ្ធភាពកាន់តែច្រើនដល់រាជរដ្ឋាភិបាល ក្នុងការបង្វែថវិកា សម្រាប់ចំណាយលើការងារអាទិភាពផ្សេងទៀត។

នៅក្នុងពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា “ក្នុងបរិការនៃការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានបាន នូវសភាពការណ៍សង្គមសេដ្ឋកិច្ច ទាំងក្នុងកម្រិតតំបន់ និងសាកល ដូចបច្ចុប្បន្ន យើងពិតជាគ្មានជម្រើសអ្វីដែលល្អជាងការបន្ត យកចិត្តទុកដាក់លើការពង្រឹង និងសម្រួចកិច្ចការកែទម្រង់របស់យើងនោះឡើយ។”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា “យើងត្រូវតែកែទម្រង់តាមសេចក្តីត្រូវការរបស់កម្ពុជា និងបរិបទសង្គមសេដ្ឋកិច្ច ស្ថាប័ន និងរដ្ឋបាលរបស់កម្ពុជា ក្នុងភាពជាម្ចាស់របស់កម្ពុជា និងពិសេសក្នុងការទទួលខុសត្រូវរបស់កម្ពុជា ចំពោះជោគវាសនាអនាគតជាតិ ដោយខ្លួនយើង។ យើងទទួលស្គាល់ថា ការកែទម្រង់ ជាការងារដ៏លំបាកស្មុគស្មាញ ដោយម្ខាងយើងត្រូវជួបប្រទះបញ្ហាជាច្រើន ទាំងផ្នែកផ្នត់គំនិត ទាំងភាពជាអ្នកដឹកនាំ ការប៉ះពាល់ដល់ផលប្រយោជន៍ សមត្ថភាព ធនធានមនុស្ស និងបញ្ហាបច្ចេកទេសផ្សេងទៀត ក៏ប៉ុន្តែ ម្ខាងទៀតយើងត្រូវតែចាំបាច់ចាប់ផ្តើមធ្វើកិច្ចការនេះ ដោយមិនបង្ខំ រង់ចាំទាល់តែមានសមត្ថភាព មានធនធាន មានមធ្យោបាយ គ្រាន់បើជាងមុន ក្នុងស្មារតី «ធ្វើបណ្តើរ រៀនបណ្តើរ និងកែលម្អបណ្តើរ»។

ទន្ទឹមនឹងការលើកឡើងបែបនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបង្ហាញពីផលជះនៃការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់វិស័យសេដ្ឋកិច្ចថា “ជាក់ស្តែងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពិតជា បានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងផ្នែកចំណាយទាំងលើបន្ទុកបុគ្គលិក និងក្រៅបន្ទុកបុគ្គលិក ជាពិសេសម្រាប់មន្ត្រីក្របខ័ណ្ឌថ្មី។ ម្យ៉ាងទៀត ក៏បានផ្តល់នូវលទ្ធភាពកាន់តែច្រើនដល់រាជរដ្ឋាភិបាល ក្នុងការបង្វែថវិកា សម្រាប់ចំណាយលើការងារអាទិភាពផ្សេងទៀតផងដែរ។”

ងាកមកយុទ្ធនាការជំរឿនមន្ត្រីវិញ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបង្ហាញការគាំទ្រ ដោយបានថ្លែងថា “ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទទួលស្គាល់លើសារៈសំខាន់នៃការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ថក្រសួង ស្ថាប័ន និងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលគាំទ្រដល់ដំណើរការនៃការអនុវត្តនយោបាយ ថវិកា សមិទ្ធកម្ម ក្នុងក្របខ័ណ្ឌនៃការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ ថវិកាជាឧបករណ៍ស្នូលមួយ នៃគោលនយោបាយ នឹងត្រូវបានរៀបចំវិភាគ និងប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីគាំទ្រដល់ការគ្រង់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការអនុវត្តមុខងាររបស់ក្រសួង ស្ថាប័ន សម្រេចសមិទ្ធផលល្អតាមការគ្រោងទុក។” ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×