ភ្នំពេញ ៖ ឯកឧត្តម CARLOS D. SORRETA ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី១៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានទទួលលិខិតផ្លូវការរបស់កម្ពុជាចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃនៅតាមបណ្តោយព្រំដែនកម្ពុជា។
ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគាំទ្រចំពោះគោលការណ៍មនុស្សធម៌ ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងធ្វើការបោសសម្អាតផ្ទៃដីដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា។ ភាពតានតឹង និងការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយយើងត្រូវធានាថា ការការពារប្រជាជនស៊ីវិល គឺជាកិច្ចការអាទិភាពចម្បងបំផុត។
ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម។
ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម សង្ឃឹមថា តាមរយៈកិច្ចសន្ទនា និងការយោគយល់គ្នា យើងនឹងអាចរកឃើញផ្លូវបន្តឆ្ពោះទៅមុខ ដែលគោរពដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងគោលការណ៍មនុស្សធម៌អន្តរជាតិ ហើយនាំមកនូវសន្តិភាព និងសុខសុវត្ថិភាពយូរអង្វែង ចំពោះប្រទេសជាតិ និងតំបន់របស់យើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី






