ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ភាគីថៃ បញ្ឈប់សកម្មភាពរំលោភបំពានចូលដែនអធិបតេយ្យកម្ពុជា និងបញ្ឈប់ការបំពានលើបទឈប់បាញ់ ដោយត្រូវរុះរើលួសបន្លា និងដកគ្រឿងចក្ររបស់ខ្លួនដែលបានមកឈួសឆាយនៅតំបន់អានសេះ ។
ក្រសួងការពារជាតិ បានថ្លែងថា កាលពីម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។
កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ថ្ងៃទី០៥ ខែសីហានេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា តាមរយៈសន្និសីទសារព័ត៌មាន ក៏បានអំពាវនាវដល់សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដៃគូដែលខិតខំប្រឹងប្រែងជួយឲ្យសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ជួយតាមដានសកម្មភាពបំពានបទឈប់បាញ់របស់ថៃ សំដៅឲ្យការអនុវត្តកាន់តែពេញលេញ និងមានប្រសិទ្ធភាព។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជា សូមអំពាវនាវដល់សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដៃគូ ដែលខិតខំប្រឹងប្រែងជួយឲ្យសម្រេចបានបទឈប់បាញ់ ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះ ត្រូវបានអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ក្រសួងការពារជាតិ ជំរុញយ៉ាងម៉ឺងម៉ាត់ឲ្យថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ តែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ ដោយបញ្ឈប់រាល់អំពើអរិភាពទាំងឡាយ ដោយរុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលភាគីថៃមិនអាចយកលេសណាមួយមកបំភ្លៃការពិតមួយនេះបានឡើយ»។
ចំពោះស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គិតមកត្រឹមម៉ោង៩ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ គឺមានភាពស្ងប់ស្ងាត់ ខណៈកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
លោកជំទាវបានបន្ដទៀតថា កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់បំផុត លើលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទាំងនេះជាការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ សុចរិត ម្មត់ចត់ មិនរុញរា និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំងប្រដាប់អាវុធដែលយើងបានគោរព និងអនុវត្តយ៉ាងពេញលេញដោយស្ម័គ្រត្រង់ នៃលក្ខខណ្ឌបទឈប់បាញ់ ធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកភាពកាន់តែប្រសើរឡើងឲ្យបានឆាប់រហ័សបំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី



