ភ្នំពេញ ៖ នៅវេលាម៉ោង២២នឹង៣៥នាទី នាថ្ងៃទី០៥សីហាឆ្នាំ២០២៥ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូក្រាម រួមមាន: ជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន, សសៃជើងមាន់ ។នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ។
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា រថយន្តខាងលើបានដឹកសាច់សត្វបង្កក ចេញពីរាជធានីភ្នំពេញ ឆ្ពោះមកលក់ចែកចាយនៅតាមបណ្តាខេត្ត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ សាច់បង្កកទាំងនេះ គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស មានន័យថា: ការដឹកជញ្ជូនសាច់បង្កកទាំងនេះគឺដឹកបំបែកគ្នាតាម ម៉ូតូរឺម៉កកង់បី ចេញពីទិសដៅផ្សេងៗគ្នាដែលកំណត់ទីតាំងមិនច្បាស់លាស់ យកមកប្រមូលផ្ដុំគ្នានៅបេនឡាន រួចជញ្ជូនដាក់រថយន្តខាងលើទើបដឹកបន្តទៅចែកចាយតាមបណ្ដាខេត្ត។
ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី











