Wednesday, August 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ស ថេត ណែនាំឱ្យសមត្ថកិច្ចជំនាញ ការពារសន្តិសុខ និងសុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេសទាំងអស់ឲ្យបានកាន់តែល្អប្រសើរ ក្នុងគោលដៅទាក់ទាញវិនិយោគិន និង ទេសចរណ៍អន្តរជាតិ ចូលកម្ពុជា

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសពង្រឹងសន្ដិសុខ និងសុវត្ថិភាពជូនវិនិយោគិន និងភ្ញៀវទេសចរបរទេស។ ការណែនាំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីបណ្តាស្ថានទូត និងស្ថានកុងស៊ុលទាំងអស់ប្រចាំប្រទេសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការ-ស្នងការរងនគរបាលរាជធានី ខេត្តទាំង២៥។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា ការរៀបចំកែសម្រួលសមាសភាពថ្មីនៃក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ជូនដល់តំណាងស្ថានទូត និងស្ថានកុងស៊ុលប្រចាំព្រះរាជាណាចក្រកម្ពុជា គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចសហការ និងទំនាក់ទំនងល្អក្នុងផ្ដល់ពត៌មានទៅវិញទៅមកទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្រុមព័ត៌មានទាន់ហេតុការណ៍នេះ គឺជាយន្តការដ៏ចាំបាច់មួយដែលត្រូវបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗ រួមមាន ៖
១) លើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្ដូរ ឬចែករំលែកព័ត៌មានអំពីសភាពការណ៍ និងស្ថានភាពរបស់ជនបរទេសដែលកំពុងមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារផលប្រយោជន៍ជូន ពួកគាត់ឲ្យបានល្អប្រសើរ
២) ធ្វើកិច្ចសហការ និងទំនាក់ទំនងល្អរវាងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំងមានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ពត៌មានទៅវិញទៅមក ក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បាតុភាព អំពើភេរវកម្ម អំពើដែលបង្កឲ្យមានអសន្តិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងទៀត ឱ្យបានទាន់ពេលវេលា
៣) ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសេចក្តីសុខសុវត្ថិភាពដល់ជនបរទេស ទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងនិវេសនដ្ឋាន ទីតាំង ស្ថានទូត ស្ថានកុងស៊ុល និងមន្ត្រីការទូតទាំងអស់កំពុងមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា
៤) ការពារសន្តិសុខ និងសុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេសទាំងអស់ឲ្យបានកាន់តែល្អប្រសើរ ក្នុងគោលដៅទាក់ទាញវិនិយោគិន និង ទេសចរណ៍អន្តរជាតិ ចូលព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងទៀតថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានខិតខំប្រឹងប្រែងបំពេញបេសកកម្មស្នូលរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់តាមរយៈការដាក់ចេញនូវយន្តការ និងវិធានការនានា ដើម្បីធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមទាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចជា ការចាប់បញ្ចូនជនល្មើសទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ការចាត់បញ្ចូនជនបទេសទៅប្រទេស កំណើតវិញតាមនីតិវិធី ការជួយសង្គ្រោះជនរងគ្រោះជាដើម។

អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ថ្មីនេះ ជាសេនាធិការ ប្តេជ្ញាបន្តបំពេញបេសកកម្មស្នូលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលដោះស្រាយរាល់ទុក្ខកង្វល់ និងសំណើនានារបស់ជនបរទេសគ្រប់រូប ដែលកំពុងមានវត្តមាននៅកម្ពុជា ដោយផ្ទាល់ភ្លាមៗឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា តាមលទ្ធភាពដែលអាចធ្វើបាន ឬតាមរយៈស្ថានទូត ស្ថានកុងស៊ុលសាមី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅទទួលបាននូវការជឿជាក់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ព្រមទាំងជឿទុកចិត្តលើការប្ដេជ្ញាចិត្តខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការងារនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×