ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តមឃួង ស្រេង បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ,មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងកិច្ច ការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀប រៀបរយ ជូនបងប្អូន ប្រជាពលរដ្ឋ ក្នុង រាជធានីភ្នំពេញ ។
ទី២ទៀតត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ ជាមួយនិងការជួយសម្របសម្រួលពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ។
ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនារសៀលថ្ងៃទី០៦ខែសីហាឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទនិងមន្ទីរចំណុះឲ្យរដ្ឋបាល រាជធានីភ្នំពេញទាំងអស់។
ឯកឧត្តមឃួង ស្រេងបានលើកឡើងទៀតថា៖ មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើងបាននិងកំពុងសម្រុក ចាក ចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះមានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះឯកឧត្ដម ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពួកគាត់ ពោលគឺនៅពេលដែលពួកគាត់មកពឹងពាក់រកការងារធ្វើ អាជ្ញាធររបស់យើងត្រូវជួយសម្របសម្រួលជូនពួកគាត់ ដោយមិនគិត ពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រដូចគ្នា ខ្មែរតែមួយ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ ឯកឧត្តមឃួង ស្រេង ក៏បានសង្កត់ធ្ងន់ថា៖ អ្វីដែលអាជ្ញាធរមូលដ្ឋានធ្វើមិនបាន ត្រូវរាយការណ៍មកថ្នាក់រាជធានីភ្លាមៗ សំដៅធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅជាមួយអាជ្ញាធររបស់យើង។ អាជ្ញាធរទាំង១៤ ខណ្ឌក៏ត្រូវត្រៀមអាហារសម្រាប់ប្រជាពលរដ្ឋ ដែលជាពលករត្រឡប់ពីក្រៅប្រទេសមកកម្ពុជាវិញផងដែរ តាមរយៈការដាក់អ្នកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង
ដើម្បីជួយពួកគាត់ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលរកការងារធ្វើ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងឯកកោនោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















