ភ្នំពេញ៖ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា សហការជាមួយអង្គការសង្គមស៊ីវិលចំនួន ៥០ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិរបស់អង្គការសង្គមស៊ីវិល លើសេចក្តីព្រាង ក្រមធនធានធម្មជាតិ និងបរិស្ថាន ដែលរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឋិកា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២។
លោតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានថ្លែងថា សិក្ខាសាលានេះ ផ្តល់ឱកាសឲ្យមានការពិភាក្សាដោយមានការចូលរួម តំណាងអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ អ្នកច្បាប់ សហគមន៍ និងជនជាតិដើមភាគតិច មានចំនួនសរុប ១២០នាក់។
លោកបានបន្តថា សិក្ខាសិលាពិគ្រោះយោបល់នាថ្ងៃនេះ គឺដើម្បីប្រមូលធាតុចូល មតិយោបល់បន្ថែមពីស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល សហគមន៍រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍ សម្រាប់ដាក់បញ្ចូលក្នុងសេចក្តីព្រាងចុងក្រោយនៃ “ក្រមធនធានធម្មជាតិ និងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា” និងដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍អោយស្វែងយល់បន្ថែមលើសេចក្តីព្រាងចុងក្រោយនេះ។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលពិតជាមានសេចក្តីរីករាយ និងកោតសរសើរដល់ក្រសួងបរិស្ថាន ក្រុមការងារវិស្ណុ អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ អ្នកច្បាប់ តំណាងសហគមន៍ និងជនជាតិដើមភាគតិច ដែល ខិតខំប្រឹងប្រែងបំពេញការងារផ្តល់ជាធនធាន មិតិយោបល់ និងធាតុចូលល្អៗ រហូតដល់សេចក្តីព្រាងចុងក្រោយនេះ ដែលគ្រោងនឹងអនុម័តអោយប្រើប្រាស់នាពេលឆាប់ខាងមុខនេះ៕ ដោយ៖កូឡាប