បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំផ្ទាល់ដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាប ក្រុមឆ្លៀតឱកាសលួច និងគ្រឿងអលង្ការរបស់ពលករខ្មែរ ដែលចេញពីប្រទេសថៃ ប្រព្រឹត្តនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចមុខច្រកទ្វារអន្តរជាតិដូង (បានឡែម) ភូមិដូង ឃុំអូរដាលើ ស្រុកកំរៀង។
ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពីបទលួច (បន្លំយកកាបូបលុយ និងគ្រឿងអលង្ការបស់ពលករ ដែលចេញពីប្រទេសថៃ) ១) ឈ្មោះ ជា ពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។ ២) ឈ្មោះ សឿន ផល (ហៅវណ្ណា) ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។ ៣) ឈ្មោះ កេង សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ធុកៗ មានទីលំនៅ សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។
សម្ភារ និងវត្ថុតាងដកហូត៖ លុយខ្មែរ៥លាន១៩ម៉ឺនរៀល, លុយបាត៣ម៉ឺន៥ពាន់៦រយបាត, លុយភូមា៦២០០យ៉ាត, លុយឡាវ១០០០គីប, លុយចិន៥យ័ន, ទូរស័ព្ទដៃ៥គ្រឿង, ចិញ្ចៀនប្លាកទីន១វង់, ខ្សែកប្លាកទីន លោហធាតុពណ៌លឿង៥ខ្សែ, បន្តោងប្លាកទីនរូបទន្សាយ៩, កងដៃប្លាកទីន១, កាបូបស្ពាយ២ និងផ្លែឡាមសម្រាប់វះកាបូប១។
ក្រោយពីធ្វើការស្រាវជ្រាវបឋម រកឃើញជនរងគ្រោះចំនួន២នាក់ ភេទស្រី ដែលជាពលករមកពីប្រទេសថៃ ដោយជនរងគ្រោះម្នាក់ បាត់លុយ១ម៉ឺន៥ពាន់បាត និងម្នាក់ទៀត បាត់ទូរស័ព្ទ០១គ្រឿង។
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យស៊ីសង្វាក់ ហើយបានប្រគល់ជូនទៅជនរងគ្រោះវិញ។ ចំណែកជនរងគ្រោះផ្សេងទៀត កំពុងស្វែងរកដើម្បីប្រគល់ជូនទៅឲ្យពួកគាត់វិញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី


