ភ្នំពេញ៖ នាពេលព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្អូនៗ ជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ចិន ឆែក ជប៉ុន បារាំង និងអៀរឡង់សរុបចំនួន៨០រូប នាទីស្តីការក្រសួង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ប្អូនៗ ជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ចិន ឆែក ជប៉ុន បារាំង និងអៀររឡង់សរុបចំនួន ៨០រូប មកកាន់ក្រសួងទេសចរណ៍ និងបានកោតសរសើរ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីជ័យលាភី ព្រមទាំងអរគុណចំពោះចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីក្រសួងទេសចរណ៍។
បន្ទាប់ពីស្តាប់នូវចំណាប់អាម្មរណ៍ និងការបេ្តជ្ញាចិត្តដ៏មុតមាំក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់តំណាងនិស្សិតតាមប្រទេសគោលដៅនីមួយៗ រូចមក ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិផ្តាំផ្ញើ និងបានគូសបញ្ជាក់អំពីតួនាទី និងកាតព្វកិច្ចរបស់យុវជនចំពោះប្រទេសជាតិ នៅពេលបំពញការសិក្សានៅបរទេស។ ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬ និស្សិតម្នាក់ៗ គឺជាទូតសុឆន្ទៈតំណាងកម្ពុជាក្នុងការបង្ហាញពីវប្បធម៌ បេតិកភណ្ឌ ប្រពៃណីទំនៀមទំលាប់ គោលដៅទេសចរណ៍ ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចពិតរបស់ប្រទេសកម្ពុជាឱ្យប្រជាជនក្នុងប្រទេសដែលខ្លួនស្នាក់នៅ និងរៀនសូត្រ ព្រមទាំងដល់មិត្តភ័ក្តពីប្រទេសដទៃទៀតក្នុងពិភពលោក បានយល់ដឹងពីប្រទេសកម្ពុជា ជាពិសេសជួយចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្ខូចបង្កាច់ពីប្រទេសកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នៅពេលបញ្ចប់ការសិក្សាដោយជោគជ័យ សូមបេក្ខជន បេក្ខនារី ត្រូវយកនូវចំណេះដឹង និងបទពិសេធល្អៗ ដែលទទួលបានពីបរទេស មកប្រើប្រាស់ និងចែករំលែកបន្តដល់យុវជន យុវនារីជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ទៅតាមជំនាញរៀងៗខ្លួន។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកពីសុភាសិតខ្មែរដែលចែងថា «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ» ដោយក្នុងករណីប្អូនៗ មានបញ្ហា ឬ សំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសដែលប្អូនៗ កំពុងរស់នៅ និងសិក្សា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្តដល់ប្អូនៗ ឱ្យចូលរួមឱ្យបានច្រើន និងជាប់លាប់ក្នុងកម្មវិធីដែលស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសដែលប្អូនៗ ស្នាក់នៅ និងសិក្សារៀនសូត្រ និងក្រុមការងារយុវជននៅទីនោះផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជាសៀវភៅចំនួន២ក្បាលក្នុងម្នាក់ៗ ដែលមាន៖ ១) អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី (សម្តេចតេជោ) និង២) កូនប្រុសច្បងដ៏មានឥទ្ធិពល (សម្តេចធិបតី)។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថាសៀវភៅទាំងពីរក្បាលនេះ នឹងជាត្រីវិស័យដ៏សំខាន់ ដែលប្អូនៗ អាចដកស្រង់សម្រាប់ជាបទពិសោធជីវិត និងជាមូលដ្ឋាន ដើម្បីតម្រង់អនាគតរបស់ខ្លួនលើវិថីការងារដែលប្អូនជ្រើសរើស។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ប្អូនៗ ជ័យលាភីទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងការសិក្សានាពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















