ម៉ាឡេស៊ី ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥នេះ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានចូលជួបសម្តែងការគួរសមជាមួយលោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មុននឹងចូលរួមនៃកិច្ចប្រជុំ GBC នៅរសៀលនេះ។
កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សូមរំលឹកថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅប្រទេសម៉ាឡេស៊ី។
នៅក្នុងជំនួបនោះផងដែរ ភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR )និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT)ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ អោយបានត្រឡប់មកវិញនូវសន្តិភាពឆាប់រហ័សជាទីបំផុត។
ឯកឧត្តម Nizam បានបញ្ជាក់ឃ្លាមួយដ៏មានអត្ថន័យ “Peace is expensive.” (សន្តិភាពមិនអាចកាត់ថ្លៃបាន) “Life is precious,” (ជីវិតពិតជាមានតម្លៃ ) “Time is of the Essence,” (ពេលវេលាពិតជាសំខាន់)
ស្របតាមអនុសាសន៍របស់សម្តេចធិបតី តែងតែលើកឡើងថា “មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចាគឺអាចជួយសង្គ្រោះដល់ជីវិតរបស់កងកម្លាំងយើង និងប្រជាជនយើងបាន។ កាន់តែឆាប់កាន់តែល្អ” កិច្ចប្រជុំ ៣ថ្ងៃកន្លងមកនេះ ក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន។ ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះៗ ដែលកម្ពុជាទទួលយកបានដូចគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី


