ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានចូលរួមក្នុងបេសកកម្មដើម្បីពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូល ជាធរមាននៅពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងវាយតម្លៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងការខូចខាតពីសារការបំផ្លិចបំផ្លាញដោយកងទ័ពថៃពីការបាញ់ផ្លោងពីកាំភ្លើងធំនិងរ៉ុកកែត ការវាយប្រហារ ដោយប្រើយន្តហោះចំបាំង F-16 គ្រាប់បែកចង្កោម និងសំណល់នៃគ្រាប់មិនទាន់ផ្ទុះ (UXO) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ យើងខ្ញុំបានចូលរួមដំណើរទស្សនៈកិច្ចនៅតំបន់អានសេះ ដោយមានការចូលរួមពីអនុព័ន្ធ យោធាមកពី ១៣ ប្រទេស មន្ត្រីក្រសួងការពារជាតិ និងអង្គការសង្គមស៊ីវិល រួមទាំងតំណាងអ្នកសារព័ត៌មាន និងបំពេញបេសសកម្មនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី ០១-០២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រមុខការទូតនៃព្រះរាជាណាចក្រកម្ពុជាចំនួន ២២ រូប តំណាងស្ថានបេសកកម្មអង្គការ សហប្រជាជាតិ តំណាងជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធ។ បេសកកម្មនេះមានគោលបំណង វាយតម្លៃស្ថានភាពក្រោយជម្លោះ និងមជ្ឈមណ្ឌលជនភៀសខ្លួនស៊ីវិលដែលបានផ្លាស់ទីលំនៅបន្ទាប់ពីការប៉ះ ទង្គិចគ្នាដោយប្រដាប់អាវុធនាពេលថ្មីៗនេះរវាងកម្ពុជា និងថៃ។
នៅថ្ងៃទី៣០ ខែកក្កដា វិទ្យាស្ថាន AVI បានចូលរួមក្នុងបេសកកម្មនេះជាមួយអនុព័ន្ធយោធាតំណាងឱ្យ មហាអំណាចអន្តរជាតិ និងរដ្ឋសមាជិកអាស៊ានសរុបមកពី ១៣ ប្រទេស ព្រមទាំងមន្ត្រីតំណាងរដ្ឋាភិបាលកម្ពុជា។ ការចុះត្រួតពិនិត្យនៅតំបន់អានសេះ ក្នុងខេត្តព្រះវិហារដែលមានការសម្របសម្រួលដោយក្រសួងការពារជាតិ មាន គោលបំណងវាយតម្លៃស្ថានភាពដោយផ្ទាល់ និងបញ្ជាក់ឡើងវិញនូវអធិបតេយ្យភាពរបស់កម្ពុជាបន្ទាប់ពីបទឈប់បាញ់។ ក្នុងបេសកកម្មនេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានបង្ហាញពីតម្លាភាពពេញលេញ និងបានបញ្ជាក់ ជាថ្មីថា តំបន់អានសេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា។ មន្ត្រីមកពីប្រទេសដែលចូលរួម បានសម្ដែង និងបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារការគាំទ្រចំពោះដំណើរការសន្តិភាព បូរណភាពទឹកដីរបស់ខ្លួន។
នៅថ្ងៃទី០១ ខែសីហា វិទ្យាស្ថាន AVI បានចូលរួមក្នុងបទបង្ហាញបច្ចេកទេសដែលរៀបចំដោយមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលរៀបរាប់អំពីប្រភេទសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ដែលបាន រកឃើញនៅក្នុងតំបន់រងផលប៉ះពាល់។ CMAC បានលើកឡើងពីហានិភ័យដែលគ្រាប់បែកទាំងនេះបង្កដល់ ជនស៊ីវិល និងបង្ហាញពីយុទ្ធសាស្ត្របោសសម្អាតដែលកំពុងអនុវត្ត។ នៅថ្ងៃដដែល AVI បានចូលរួមជាមួយ គណៈប្រតិភូការទូតក្នុងការធ្វើដំណើរទៅកាន់ស្រុកបន្ទាយអំពិល រួមទាំងតំបន់ជាំតែ ដែលមានការខូចខាតយ៉ាង ធ្ងន់ធ្ងរពីការបាញ់ផ្លោងកាំភ្លើងធំ។ ទីតាំងវប្បធម៌ និងអរិយធម៌សំខាន់ៗត្រូវបានរកឃើញថាមានផលប៉ះពាល់យ៉ាង ខ្លាំង រួមមានវត្តប្រាសាទតាមន្តសែនជ័យ សាលារៀនជុំវិញ រូបសំណាកព្រះពុទ្ធ តូបលក់វត្ថុអនុស្សាវរីយ៍ក្នុងស្រុក និងលំនៅដ្ឋានរបស់ប្រជាជន។
នៅថ្ងៃទី០២ ខែសីហា AVI ក៏បានធ្វើដំណើរទៅវត្តសូត្រនិគម ក្នុងខេត្តសៀមរាបជាកន្លែងដែលជនស៊ីវិល ភៀសខ្លួនកំពុងស្នាក់នៅ ជម្រកបណ្ដោះអាសន្ននេះ មានប្រជាពលរដ្ឋប្រមាណ ២០០,០០០ នាក់ ក្នុងនោះ មានគ្រួសារមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ដែលបានឆ្លុះបញ្ចាំងពីទំហំនៃការផ្លាស់ទី លំនៅ និងចំនួនមនុស្សធម៌នៃជម្លោះនេះ។ នៅថ្ងៃដដែលនោះ AVI ក៏បានចូលរួមជាមួយ ឯកឧត្តម សួស យ៉ារ៉ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដើម្បីពិនិត្យជម្រកជនភៀស សឹក នៅវត្តពុទ្ធសាសនាក្នុងស្រុកសូត្រនិគម ដែលបានអញ្ជើញចុះសួរសុខទុក្ខកុមាររាប់រយនាក់ ដែលត្រូវបានក្លាយជាជនភៀសសឹកដោយការឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជានាពេលថ្មីៗនេះ។
ការសង្កេតដែលទទួលបានពីដំណើរបេសកកម្មបានពង្រឹងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៅលើ
មូលដ្ឋាន និងសារៈសំខាន់នៃការរក្សាបណ្តាញបើកចំហនៃការទំនាក់ទំនងរវាងតួអង្គរដ្ឋ និងមិនមែនរដ្ឋ ក៏ដូចជារវាង ស្ថាប័នជាតិ និងដៃគូអន្តរជាតិ។ វាក៏បានសង្កត់ធ្ងន់ផងដែរអំពីតួនាទីសំខាន់របស់ស្ថាប័នស្រាវជ្រាវ ក្នុងការចងក្រង ឯកសារផលប៉ះពាល់នៃវិបត្តិ ការកំណត់សេចក្តីត្រូវការជាក់ស្តែង និងការផ្ដល់អនុសាសន៍គោលនយោបាយផ្អែក លើភស្តុតាងដែលសមស្របនឹងបរិបទកម្ពុជា។
វិទ្យាស្ថាន AVI សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដែលបានជួយសម្រួលដល់បេសកកម្មដ៏សំខាន់នេះ។ យើងក៏សូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ អភិបាល ខេត្តឧត្តរមានជ័យ អគ្គនាយក CMAC អាជ្ញាធរមូលដ្ឋាន និងបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមសម្របសម្រួល ផ្ដល់ព័ត៌មានសង្ខេបប្រកបដោយតម្លាភាព និងការចូលរួមចំណែកក្នុងការធានាឱ្យបាននូវការយល់ដឹងទូលំទូលាយអំពីស្ថានភាពនៅមូលដ្ឋាន។
ក្នុងនាមជាស្ថាប័នឈានមុខគេមួយរបស់កម្ពុជា AVI ឆ្លៀតយកឱកាសនេះដើម្បីស្វែងរកមធ្យោបាយសម្រាប់ កិច្ចសន្ទនាគោលនយោបាយកាន់តែស៊ីជម្រៅ និងការសហការក្នុងតំបន់ក្នុងវិស័យនានាដូចជា ការឆ្លើយតបនឹងជម្លោះ សកម្មភាពមីន និងភាពធន់របស់សហគមន៍។ AVI នៅតែប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះអធិបតេយ្យភាព ជាតិ ភាពសុខដុមរមនាក្នុងតំបន់ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់។ បេសកកម្មនេះ បញ្ជាក់ឡើងវិញ នូវការតាំងចិត្តរបស់យើងក្នុងការធានាថា បញ្ហារបស់សហគមន៍ដែលរងផលប៉ះពាល់ត្រូវបានទទួលការយកចិត្ត ទុកដាក់ និងមានដំណោះស្រាយឆ្លើយតបដោយសាមគ្គីភាព មេត្តាធម៌ និងកិច្ចសហប្រតិបត្តិការជាក់ស្ដែង។
វិទ្យាស្ថាន AVI សូមអំពាវនាវឱ្យអាស៊ាន អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងស្ថាប័នមនុស្សធម៌ ពាក់ព័ន្ធ បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់របស់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅ ពង្រឹងស្ថិរភាពព្រំដែន និងការលើកកម្ពស់សន្តិភាពក្នុងតំបន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី








