Thursday, August 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ សូមស្វាគមន៍បទឈប់បាញ់ និងអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង

ឧត្តរមានជ័យ ៖ លោកម៉េត មាសភក្តី អ្នកនាំពាក្យ និងជាអភិបាលរងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ខែសីហានេះ បានថ្លែងសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ” ភ្លាមៗមុននេះបន្តិចបន្ទាប់ពីបញ្ចប់បេសកកម្ម លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា និងជាតំណាងអង្គការយូណេស្កូ ប្រចាំប្រទេស បានបញ្ចេញរបាយការណ៍សង្ខេបបឋម បន្ទាប់ពីដំណើរទស្សនកិច្ចពិសេសរយៈពេល ២ថ្ងៃ”។

លោកម៉េត មាសភក្តី បានលើកឡើងបន្ថែមទៀតថា អំឡុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ចេញមតិអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (០៦–០៧ សីហា ២០២៥) របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។
អង្គការសហប្រជាជាតិសូមស្វាគមន៍បទឈប់បាញ់ និងអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងដៃគូនានា បានឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹកបាននឹងកំពុងជួបប្រទះ។ គ្រួសារជនភៀសសឹកមួយចំនួនកំពុងរងការលំបាកយ៉ាងខ្លាំង ហើយត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបយ៉ាងរហ័សរបស់ដៃគូជំនួយមនុស្សធម៌នានា រួមមានទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកស្ម័គ្រចិត្តនានា ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ចាប់តាំងពីជម្លោះកើតឡើងមកម្ល៉េះ ដើម្បីផ្តល់ទីកន្លែងសុវត្ថិភាព ទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងសេវាកម្មចាំបាច់ដល់អ្នករងផលប៉ះពាល់ទាំងនោះ។
កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន រួមមានដូចជា ការផ្តល់ទឹក អនាម័យ ទីកន្លែងស្នាក់នៅ អាហារ (រួមទាំងអង្ករ) សេវាថែទាំសុខភាព ការអប់រំ និងសេវាការពារ។
នៅក្នុងអំឡុងពេលជួបសំណេះសំណាលនោះ សហគមន៍ជនភៀសសឹកក៏បានអំពាវនាវឲ្យមានសន្តិភាព និងការត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។ នេះជាបញ្ហាអាទិភាពដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាផ្តល់នូវការគាំទ្រ។
អង្គការសហប្រជាជាតិបន្តប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីបន្តការគាំទ្រចំពោះការឆ្លើយតបមនុស្សធម៌ និងជួយសហគមន៍ជនភៀសសឹកស្ដារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ..។

សូមរំលឹកថា គណៈប្រតិភូជិត ៣០ស្ថាប័ន រួមមាន អង្គទូតដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន និងប្រទេសជាច្រើនទៀត ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះអង្កេតផ្ទាល់ដល់ជំរំជនភៀសសឹកភ្នំកំបោរ នៅស្រុកបន្ទាយអំពិល និងបាត់ថ្កៅ នៅស្រុកចុងកាល់ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ជនភៀសសឹក ពិសេសធ្វើជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។
ក្នុងដំណើរបេសកម្មដ៏មានសារៈសំខាន់នេះ បេសកជនបានទទួលព័ត៌មានពិត និងសំខាន់ៗ ដូចជា មូលហេតុនៃការជន្លៀសប្រជាជនស្លូតត្រង់ ទំហំនៃផលប៉ះពាល់ ជីវភាពស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន ពិសេសទឹកចិត្តរបស់អ្នកទាំងអស់គ្នា ក៏ដូចជាកុមារ មនុស្សចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ ដែលដង្ហោយចង់បានសន្តិភាព ការបញ្ចប់សង្គ្រាមដែលពិតប្រាកដ និងឆាប់រហ័សជាទីបំផុត ដើម្បីបានត្រឡប់ទៅរកជីវភាពរស់នៅជាប្រក្រតីឡើងវិញ។
សម្រាប់តែខេត្តឧត្តរមានជ័យដ៏កម្សត់មួយនេះ ជនស៊ីវិលស្លូតត្រង់ជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៤ម៉ឺននាក់ មានកុមារជាង ៨ពាន់នាក់ បានរងគ្រោះ។
ផ្ទះសំបែងជាង ២០០ខ្នង សំណង់សាធារណៈរួមមាន វត្តអារាម សាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាង ៤០កន្លែង បានរងការបំផ្លិច បំផ្លាញដោយគ្រាប់ផ្លោង និងការទំលាក់គ្រាប់បែក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×