ម៉ាឡេស៊ី ៖ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន «ស្តីពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី» នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយបង្ហាញលទ្ធផលព្រមព្រៀង១៣ចំណុចដូចខាងក្រោម (បកប្រែក្រៅផ្លូវការ)៖
អនុស្សរណៈកិច្ចព្រមព្រៀងប្រជុំគណៈកម្មាធិការព្រំដែន សហប្រតិបត្តិការទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជា និងថៃ
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
១. ភាគីទាំងពីរឯកភាពលើការឈប់បាញ់ ពាក់ព័ន្ធគ្រប់ប្រភេទអាវុធទាំងអស់ រួមបញ្ចូលទាំងការវាយប្រហារលើជនស៉ីវិល វត្ថុស៉ីវិល និងគោលដៅយោធានៃភាគីទាំងសងខាង ក្នុងគ្រប់ករណីនិងតំបន់ទាំងអស់។ ភាគីទាំងពីរចាំបាច់ត្រូវចៀសវាងការបាញ់ប្រហារទាំងគ្មានការបង្កហេតុ សំដៅទៅលើទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ ការព្រមព្រៀងនេះ មិនត្រូវបំពានដាច់ខាត ទោះស្ថិតក្រោមកាលៈទេសៈបែបណាក៏ដោយ។
២. ភាគីទាំងពីរយល់ព្រមរក្សាស្ថានភាពបច្ចុប្បន្ននៃការដាក់ពង្រាយកងទ័ព ដោយមិនមានការចល័តបន្ថែមទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ មិនត្រូវឱ្យមានការចល័តកងទ័ព រាប់បញ្ចូលទាំងការល្បាតសំដៅទៅកាន់ទីតាំងភាគីម្ខាងទៀត។
៣. ភាគីទាំងពីរយល់ស្របមិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាងកម្ពុជា-ថៃ។ ការដាក់កម្លាំងបន្ថែមណាមួយ មុខជានឹងបង្កើនភាពតានតឹង ហើយជះផលប៉ះពាល់អវិជ្ជមានចំពោះកិច្ចប្រឹងប្រែងរយៈពេលវែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍។
៤. ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំងការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរយល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពីព្រំដែនរបស់ខ្លួន។
៥. ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ទម្រង់ ប្រឆាំងជនស៉ីវិលនិងវត្ថុស៉ីវិល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពបែបនោះ នឹងមិនត្រឹមបង្កគ្រោះថ្នាក់ ចំពោះសហគមន៍រស់នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែក៏បំពានច្បាប់អន្តរជាតិ ហើយធ្វើឱ្យអាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ សម្រាប់ភាគីដែលមិនគោរពការព្រមព្រៀងផងដែរ។
៦. ភាគីទាំងពីរយល់ស្របគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការប្រព្រឹត្តដាក់ទាហានដែលត្រូវបានចាប់ខ្លួន រាប់បញ្ចូលទាំងស្ថានភាពរស់នៅ កន្លែងជ្រកកោន ស្បៀងអាហារ និងការថែទាំសុខភាពក្នុងករណីរងរបួស។ ប្រសិនបើភាគីម្ខាង មានបំណងចង់នាំយកទាហានខ្លួន ឬជនស៉ីវិលរងរបួស ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីម្ខាងទៀត ដើម្បីទទួលការព្យាបាល ភាគីខាងទទួលមានសិទ្ធិកំណត់ការឆ្លើយតប ដោយផ្អែកលើសមត្ថភាពនៃកន្លែងព្យាបាលរបស់ខ្លួន ឬក្រមសីលធម៌ផ្នែកវេជ្ជសាស្រ្ត ហើយឈរលើគោលការណ៍មួយៗដាច់ដោយឡែក។
ទាហានដែលត្រូវបានចាប់ខ្លួន គួរតែត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ ក្រោយអរិភាពនានាត្រូវបានបញ្ឈប់ ស្របតាមមាត្រា១១៨ នៃអនុសញ្ញាហ្សឺណែវឆ្នាំ១៩៤៩ និងបញ្ញត្តិ១២៨(A) នៃច្បាប់មនុស្សធម៌អន្តរជាតិ។ ភាគីទាំងពីរយល់ព្រមដោះដូរព័ត៌មាន និងសម្របសម្រួលសម្រាប់ការប្រគល់សពអ្នកបាត់បង់ជីវិតមកវិញ ឱ្យឆាប់រហ័សនិងប្រកបដោយភាពថ្លៃថ្នូរ នៅទីតាំងមួយដែលត្រូវបានព្រមព្រៀងគ្នា ហើយមានការគោរពយ៉ាងពេញលេញចំពោះ គោលការណ៍មនុស្សធម៌ និងយុត្តាធិការ និងដោយមិនចាំបាច់ឆ្លងព្រំប្រទល់ ព្រមទាំងធានាថា ចំណាត់ការសមស្របត្រូវបានធ្វើឡើង ដើម្បីកំណត់អត្តសញ្ញាណនិងចាត់ចែងសាកសព ក្រោមស្ថានភាពដោយក្តីគោរពនិងអនាម័យត្រឹមត្រូវ ដើម្បីកុំឱ្យសពអ្នកស្លាប់ត្រូវបាត់បង់ ពេលទទួលមរណភាព។
៧. ក្នុងករណីមានជម្លោះប្រដាប់អាវុធផ្ទុះឡើង ទោះដោយចេតនាឬដោយអចេតនាក្តី ភាគីទាំងពីរចាំបាច់ត្រូវប្រឹក្សាគ្នាជាបន្ទាន់ នៅកម្រិតមូលដ្ឋាន តាមរយៈយន្តការណ៍ទ្វេភាគីដែលមានស្រាប់ ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍កើនឡើងកម្តៅកាន់តែខ្លាំង នៅតាមបណ្តោយព្រំដែនទាំងមូល។ ការអូសបន្លាយជម្លោះ នឹងបង្កគ្រោះថ្នាក់ចំពោះសុវត្ថិភាពជនស៉ីវិល ក៏ដូចជាកងទ័ពទាំងសងខាង ហើយបង្កើនភាពតានតឹង ដែលនឹងបង្កភាពស្មុគស្មាញចំពោះកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយរួម។
៨.១ ថែរក្សាការទំនាក់ទំនងទៀងទាត់រវាងទីតាំងកងទ័ពទាំងអស់ តំបន់យោធា និងអង្គភាពនៅតាមបណ្ដោយព្រំដែននៃភាគីទាំងសងខាង និងប្រឹងប្រែងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសជម្លោះ
៨.២ កោះប្រជុំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ក្នុងរយៈពេល២សប្ដាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ទីតាំងរៀបចំ កិច្ចប្រជុំនឹងត្រូវបានកំណត់ស្របទៅតាមការទទួលធ្វើជាម្ចាស់ផ្ទាស់ប្ដូរវេនជាទៀងទាត់។
៨.៣ រក្សាបណ្ដាញទំនាក់ទំនងជាទៀងទាត់ និងដោយផ្ទាល់រវាងកម្រិតរដ្ឋមន្ត្រី និងមន្ត្រីយោធាជាន់ខ្ពស់។
៩. ភាគីទាំងសងខាងឯកភាពទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយគំនិតអវិជ្ជមានរបស់សាធារណៈជន និងពង្រឹង បរិយាកាសអំណោយផលដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សប្រកបដោយសន្តិភាព។
II យន្ដការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់
១០. ភាគីទាំងសងខាងបន្តប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមអនុស្សារណៈយោគយល់ ដែលសម្រេចបាននៅឯកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះរួមមានបទឈប់បាញ់ និងការបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់។
១១. ភាគីទាំងសងខាងឯកភាពលើការចាត់តាំងគណៈកម្មធិការ RBC រៀងៗខ្លួន ដើម្បីដឹកនាំការអនុវត្តបទឈប់បាញ់ក្រោមការសម្របសម្រួល និងតាមដានដោយ ក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី។ RBC នឹងជួបប្រជុំជាទៀងទាត់ ហើយដាក់ជូនរបាយការណ៍របស់ខ្លួនជូន GBC។
១២. យោងទៅលើក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីតាមការឯកភាពគ្នាដោយភាគីទាំងសងខាងក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកអង្កេតការណ៍បណ្ដោះអាសន្ន (IOT) រួមមានអនុព័ន្ធយោធានៃរដ្ឋជាសមាជិកអាស៊ានដែលទទួលស្គាល់ដោយកម្ពុជា ឬថៃ ដឹកនាំដោយអនុព័ន្ធយោធា ម៉ាឡេស៊ី នឹងត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នា និងដោយឯករាជ្យ ក្នុងប្រទេសទាំងសងខាង កម្ពុជា និងថៃ ដើម្បីត្រួតពិនិត្យលើភាគីម្ខាងៗ លើការអនុវត្ត បទឈប់បាញ់ផ្អែកលើមូលដ្ឋានជាទៀតទាត់។ សមាសភាព IOT នៃប្រទេសនីមួយៗត្រូវបានអញ្ជើញដោយឯករាជ្យដោយប្រទេសជាម្ចាស់ផ្ទះនៅក្នុង ការពិគ្រោះយោបល់ជាមួយម៉ាឡេស៊ី។
IOT នឹងធ្វើប្រតិបត្តិការដោយឆ្លងកាត់ព្រំដែន និងធ្វើការក្រោមការសម្របសម្រួល ព្រមទាំងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ RBC និង GBC នៃប្រទេសទាំង សងខាង។
III កាលបរិច្ឆេទ និងទីតាំងនៃកិច្ចប្រជុំបន្ទាប់
១៣. ភាគីទាំងសងខាងបានឯកភាពកំណត់ពេលវេលារៀបចំកិច្ចប្រជុំ GBC ក្នុងរយៈពេល១ខែ បន្ទាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ (ទីតាំងរៀបចំកិច្ចប្រជុំនឹង ត្រូវបានពិភាក្សាតាមក្រោយ។ បើពុំដូច្នោះទេ កិច្ចប្រជុំពិសេស GBC នឹងត្រូវរៀបចំឡើងភ្លាមៗ ដោយប្រើទម្រង់នៃកិច្ចប្រជុំដដែល ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងឈប់បាញ់៕ រក្សាសិទ្ធដោយ៖សុទ្ធលី






