ម៉ាឡេស៊ី ៖ មុនកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឯកឧត្តម Anwar Ibrahimនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បាននិយាយថា បើភាគីកម្ពុជា-ថៃ មិនយល់ស្របគ្នា នៅក្នុងកិច្ចប្រជុំនេះ គឺលោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ។ នេះបើតាមសំណេររបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Dato’s Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៧ សីហា។
ឯកឧត្តម ទៀ សីហា បានសរសេរលើហ្វេសប៊ុកនៅរសៀលថ្ងៃនេះ ក្រោយកិច្ចប្រជុំGBCរវាងកម្ពុជា-ថៃ យ៉ាងដូច្នេះថា ព្រឹកនេះ ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Dato’s Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ។
ដោយកិត្តិយសបានជួបជាមួយ ឯកឧត្តម Dato’s Seri Anwar Ibrahim ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី លោកបានបញ្ជាក់ខ្លឹមសារមួយចំនួន៖
- បន្តគាំទ្រ និងការអនុវត្តបទឈប់បាញ់ និងការបង្កើតក្រមប្រតិបត្តិ (TOR) រហូតឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានឆាប់រហ័សជាទីបំផុត ។
- សហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ ។
សម្តីរបស់ឯកឧត្តម Anwar Ibrahim៖ គួរបញ្ជាក់ផងដែរថា បើភាគីណាមួយ (កម្ពុជា-ថៃ) មិនយល់ស្របគ្នា លោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








