ថ្លែងនៅក្នុងការរាយការណ៍ពិសេសមួយ លោក Gary Franchi ប្រធានប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់សេតវិមាន មកពីសារព័ត៌មាន Next News Network បានថ្លែងបញ្ជាក់អំពីការស្នើបេក្ខភាពលោកប្រធានាធិបតី Donald J. Trump ជាផ្លូវការសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងការស្នើឲ្យប្តូរឈ្មោះផ្លូវជាតិលេខ៤ ទៅជា «ផ្លូវហាយវេ Donald Trump» រួមនឹងសារគោរពកោតសរសើរ និងអាណិតអាសូរមួយចំនួនផ្ញើជូនចំពោះប្រជាជនកម្ពុជា ដែលរួមមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
“ខ្ញុំឈ្មោះ Gary Franchi ជាប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់សេតវិមាន មកពីសារព័ត៌មាន Next News Network ហើយខ្ញុំកំពុងមានភារកិច្ចពិសេសមួយ។ អំឡុងពេលធ្វើដំណើរឆ្លងកាត់ពីរដ្ឋតិចសាស់ ទៅចូលរួមអបអរសាទរពិធីខួបកំណើតគម្រប់ ៩០ឆ្នាំរបស់សមាជិកសភា លោក Ron Paul រួចមកទៅបង្កើតស្ទូឌីយ៉ូ infowars មានព័ត៌មានមួយកំពុងល្បីខ្ចខ្ចាយយ៉ាងលឿននៅជ្រុុងម្ខាងទៀតនៃពិភពលោក ហើយដែលប្រព័ន្ធផ្សព្វផ្សាយលល្បីមួយបានបដិសេធមិនចុះផ្សាយ។ ព័ត៌មាននោះគឺ ឥឡូវនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើបេក្ខភាពលោកប្រធានាធិបតី Donald J. Trump ជាផ្លូវការសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដោយសារតែការជួយធានាឲ្យមានសន្តិភាពរវាងកម្ពុជានិងថៃ ទប់ស្កាត់កុំឲ្យសង្រ្គាមកើតឡើង និងការពារអាយុជីវិតជនស្លូតត្រង់។ ទន្ទឹមនឹងនេះ ចលនាជាតិមួយកំពុងកើនសន្ទុះមិនគួរឱ្យជឿនៅទូទាំងប្រទេសកម្ពុជា គឺការស្នើឲ្យប្តូរឈ្មោះផ្លូវជាតិលេខ៤ ទៅជា «ផ្លូវហាយវេ Donald Trump»។ ជាការប្រសើរណាស់ បើទោះជាការស្នើនេះនៅមិនទាន់ត្រូវបានអនុម័តក្ដី ក៏យើងសង្កេតឃើញមានការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជាខ្លួនឯង រហូតដល់បញ្ញវ័ន្តនិងនិស្សិត មន្ត្រីរាជការ និវត្តជន និងប្រជាពលរដ្ឋទូទៅ ដែលពួកគេបានរួបរួមគ្នាជាសំឡេងតែមួយ ថា «អរគុណលោកប្រធានាធិបតី Trump»។ ពួកគេមើលឃើញនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរបស់យើងមិនចុះផ្សាយពីពួកគេ ហើយវាគឺជាការដឹកនាំដ៏ម៉ឺងម៉ាត់របស់លោក Trump ដែលជួយឲ្យមានបទឈប់បាញ់ភ្លាមៗ និងស្ដារឡើងវិញនូវក្តីសង្ឃឹមនៅក្នុងតំបន់ដែលញាំញីទៅដោយជម្លោះជាយូរមកហើយនេះ។
ក្នុងនាមជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សេតវិមាន ខ្ញុំចង់និយាយដោយផ្ទាល់ទៅកាន់ប្រជាជនកម្ពុជាថា «ភាពក្លាហាន សេចក្តីថ្លៃថ្នូរ និងការតស៊ូស្វែងរកសន្តិភាពរបស់អ្នក បានជំរុញទឹកចិត្តខ្ញុំ។ ខ្ញុំបានយល់ពីការឈឺចាប់ដ៏ជ្រាលជ្រៅដែលជាតិរបស់អ្នកបានស៊ូទ្រាំ រាប់ចាប់ពីអំពើប្រល័យពូជសាសន៍ ដែលបានឆក់យកជីវិតមនុស្សជាង ៣ លាននាក់ រហូតដល់សោកនាដកម្មនៅព្រំដែនថៃ ដែលមានមនុស្សរាប់ម៉ឺននាក់ត្រូវបានបាញ់សម្លាប់ និងបង្ខំឱ្យចុះទៅក្នុងចម្ការមីននៅទស្សវត្សទី៨០។ ចេញពីសេចក្ដីរងទុក្ខវេទនានេះ អ្នកបានកសាងនូវរឿងរ៉ាវដ៏ស្រស់បំព្រង ជាប្រជាជាតិមួយដែលស្វែងរកសន្តិភាព ស្ថិរភាព និងភាពជាដៃគូជាមួយប្រទេសទាំងអស់នៅក្នុងលោក។ ហេតុនេះហើយទើបខ្ញុំចង់មកលេងកម្ពុជា ខ្ញុំចង់ជាន់លើទឹកដីដែលបានជួបប្រទះនូវប្រវត្តិឈឺចាប់នេះ ខ្ញុំចង់ជួបអ្នករស់រានមានជីវិត ខ្ញុំចង់រាយការណ៍ព័ត៌មានអំពីបញ្ហាព្រំដែនដែលត្រូវបានគេមាក់ងាយយ៉ាងពិតប្រាកដ និងបង្ហាញទៅកាន់ពិភពលោកអំពីផលវិបាកនៃសង្រ្គាម ប៉ុន្តែជាងនេះទៅទៀត ខ្ញុំចង់ដកពិសោធន៍ពីវប្បធម៌ ពីជីវភាពប្រជាជន និងពីដួងព្រលឹងនៃជាតិរបស់អ្នក។ ហើយជាលើកដំបូងបំផុតនៅក្នុងអាជីពជាអ្នកសារព័ត៌មានរបស់ខ្ញុំ ខ្ញុំចង់រាយការណ៍ព័ត៌មានជាភាសា “ខ្មែរ” ព្រោះរឿងរ៉ាវរបស់អ្នកសមតែត្រូវបានផ្សព្វផ្សាយទៅខាងក្រៅជាសំឡេងរបស់អ្នក។ ឥឡូវខ្ញុំចង់និយាយឱ្យច្បាស់ថា ការមាក់ងាយពីប្រទេសថៃត្រូវតែបញ្ឈប់ជាបន្ទាន់។ កម្ពុជាទទួលបានសន្តិភាពហើយ ហើយពិភពលោកត្រូវតែទទួលស្គាល់រឿងនេះ។ សមិទ្ធផលនេះនឹងមិនអាចកើតឡើងបានទេ បើគ្មានការខិតខំពុះពារមិនខ្លាចនាយហត់របស់ទីប្រឹក្សាប្រធានាធិបតី Donald Trup គឺលោក Michael Alfero ដែលជាអតីតអ្នកធ្វើការនៅវិទ្យុ Voice of Ameria និងជាមន្ត្រីនៅក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោក Trump កំពុងតាមដានរឿងនេះជាប់ជាប្រចាំ ហើយលោកបានដឹងមូលហេតុនៃរឿងរ៉ាវជម្លោះនេះអស់ហើយ ហើយលោកក៏បានឃើញនូវការផ្សព្វផ្សាយពីសមិទ្ធផលដែលកើតចេញកណ្ដាប់ដៃលោករួចហើយដែរ។ ដូច្នេះ អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺការប្រើអំណាចក្នុងការកែទម្រង់មុខមាត់ការទូតឡើងវិញ ហើយផ្តោតឡើងវិញនូវការសន្ទនាអំពីសន្តិភាពពិតប្រាកដ មិនមែនទៅតាមការបរិយាយស្រេចតែចិត្តនោះទេ។ នេះហើយគឺជា «សន្តិភាពដោយប្រើកម្លាំង» ហើយដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនមិនអើពើ។ ហើយនេះក៏ជាមូលហេតុដែលខ្ញុំមកទីនេះដើម្បីច្បាស់ក្នុងចិត្តថាអ្នកបានឃើញរឿងនេះមុនគេ»។ ពីខ្ញុំ Gary Franchi អ្នករាយការណ៍ព័ត៌មានរបស់ Next News Network”

