ភ្នំពេញ ៖ ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាបើកកម្មវិធីការតស៊ូមតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ឯកឧត្តម ក៏បានលើកឡើងអំពីសារៈសំខាន់អំពីសិទ្ធិមនុស្សថា យើងទាំងអស់គ្នាមានសិទ្ធិស្មើគ្នាតាំងពីកំណើត ហើយត្រូវបានទទួលស្គាល់ដោយច្បាប់ក្រោយសង្រ្គាមលោកលើកទី២។ ហើយសិទ្ធិជាចំណុចសំខាន់ ដែលអាចផ្សាភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ និងបុគ្គលម្នាក់ៗ ដែលរដ្ឋមានកាតព្វកិច្ចក្នុងការលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋតាមរយៈការគោរព ការការពារ និងការបំពេញបន្ថែម។ ជាមួយគ្នានេះដែរ កម្ពុជាក៏បានផ្តល់សារៈសំខាន់ចំពោះសិទ្ធិមនុស្សផងដែរ ដោយទទួលស្គាល់និងបានយ៉ាងជាក់លាក់ស្តីពីសិទ្ធិមនុស្សនៅមាត្រា៣១ ក្នុងរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមក៏បន្ថែមផងដែរថា ការតស៊ូមតិ ឬការនិយាយជាសាធារណៈគឺជាជំនាញមានប្រយោជន៍ ដែលជាផ្នែកមួយជួយឱ្យប្អូនៗអាចបង្កើនចំណេះដឹងវិភាគ ចេះស្រាវជ្រាវ ចេះសរសេរ និងពូកែអានផងដែរ ជាពិសេសការតស៊ូមតិអំពីសិទ្ធិមនុស្ស នឹងនាំឱ្យយើងអាចពិភាក្សាជាមួយដៃគូគ្រប់ភាគីពាក់ព័ន្ធ រួមមានអង្គការសង្គមស៊ីវិល អង្គភាពអន្តរជាតិនានា ដើម្បីបកស្រាយពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សនិងបង្ហាញឱ្យសហគនម៍នានាស្គាល់កម្ពុជាកាន់តែច្បាស់។ សិទ្ធិមនុស្សមិនមែនជាកាតព្វកិច្ចរបស់រដ្ឋតែមួយប៉ុណ្ណោះទេ តែវាជារឿងរបស់យើងទាំងអស់គ្នា ដោយយើងគួរយល់ដឹងគ្រប់ចំណុចនៃលិខិតតុបករណ៍សិទ្ធិមនុស្ស និងច្បាប់នានា ដើម្បីជាជំហរឹងមាំសម្រាប់យើងបកស្រាយ។
ជាចុងក្រោយ ឯកឧត្តម បានចូលរួមអបអរសាទរដល់ប្អូនៗ ទាំង៣២រូប ដែលឈានមកដល់វគ្គប្រកួតប្រជែងនិយាយជាសាធារណៈនេះ និងវាយតម្លៃខ្ពស់ និងកោកសរសើរ ចំពោះឯកឧត្តម លោកជំទាវ ដែលបានចូលរួមចំណែកជាគណៈកម្មការវាយតម្លៃនៅក្នុងថ្ងៃនេះ ក៏ដូចជាថ្លែងអំណរគុណដល់ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលរៀបចំកម្មវិធីនេះឡើង៕រក្សាសិទ្ធដោយ៖សុទ្ធលី












