Friday, August 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្ដមសេនីយ៍ ទៀ សីហា ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា តាងនាមឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម MOHAMED KHALED NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសម៉ាឡេស៊ី ជាពិសេសចំពោះតួនាទីដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន និងជាប្រធានក្រុមអ្នកអង្កេតការណ៍អាស៊ាន បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នេះយោងតាម នាយឧត្ដមសេនីយ៍ ទៀ សីហា នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតជូន ឯកឧត្តម MOHAMED KHALED NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិ។

នាយឧត្ដមសេនីយ៍ ទៀ សីហាបានបន្តទៀតថា ” ក្រោមការដឹកនាំរបស់ ឯកឧត្តម និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសម៉ាឡេស៊ីបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដូចជាក្នុងការជំរុញទំនុកចិត្ត មាន ការយោគយល់គ្នាទៅវិញទៅមក និងការដោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍នៅតាមព្រំដែនរួម កម្ពុជា-ថៃ។ ការចូលរួម ក្នុងន័យស្ថាបនានេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង ទប់ស្កាត់ការបាត់បង់អាយុជីវិត និងរងរបួស បន្ថែមទៀត ជាពិសេស នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ខ្ញុំស្នើសុំ ឯកឧត្តម ជួយពិនិត្យ និងជំរុញ ការរៀបចំឯកសារក្រមប្រតិបត្តិ (TOR) ឱ្យបានឆាប់រហ័សផងដែរ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសម៉ាឡេស៊ី ក៏ដូចជា ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តនូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងជំរុញដំណើរការសន្តិភាព ក្នុងស្មារតីឯកភាព និងសាមគ្គីភាពអាស៊ាន។
ជាថ្មីម្ដងទៀត ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្ដីមហាប្រសើរ ជូនចំពោះ ឯកឧត្តម ព្រមទាំងសហការីទាំងអស់ សូម ទទួលបានសុខភាពល្អបរិបូរណ៍ មានសុភមង្គល និងជោគជ័យលើគ្រប់ភារកិច្ច និងសូមជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជនយើងទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ស្ថិតស្ថេរ រឹងមាំ” ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×