ភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ជាលទ្ធផលវិជ្ជមានដែលកើតចេញពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC បានឆ្លុះបញ្ចាំងអោយឃើញនូវការតាំងចិត្តរួមរបស់ភាគីទាំងពីរក្នុងការសហការគ្នាដើម្បីជំរុញអោយមានសន្តិភាពយូរអង្វែង ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាឧត្តមផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍រំលឹកឡើងវិញថា ភាគីទាំងពីរត្រូវតែបង្ហាញនូវឆន្ទៈ ភាគីទាំងពីរបានព្រមព្រៀងមិនផ្សព្វផ្សាយឬចែករំលែកព័ត៌មានមិនពិតឬព័ត៌មានក្លែងក្លាយណាមួយដើម្បីបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងសតិអារម្មណ៍របស់សាធារណជន និងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាព។ ជាមួយគ្នានេះ កម្ពុជាគឺមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតឬចែករំលែកព័ត៌មានមិនពិតឬក៏ការផលិតនូវព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងអស់នោះមិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមិនបានបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាពបន្ថែមទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពអនុវត្តន៍អោយខ្ជាប់ខ្ជួននូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ GBC ។បន្ថែមពីលើនេះ ការប្តេជ្ញារបស់កម្ពុជាក្នុងការធ្វើការប្រកបដោយស្មារតីស្ថាបនាដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធិជាមួយភាគីថៃ ម៉ាឡេស៊ី និងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដើម្បីធានាអនុវត្តន៍បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕រក្សាសិទ្ធដោយ៖សុទ្ធលី
