ភ្នំពេញ ៖ ជនសង្ស័យ ០៥នាក់ បានធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូ ០១គ្រឿង ហើយយកទៅលក់ឱ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅចំណុចស្ពានអាកាសចោមចៅ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ និងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០:៣០នាទីយប់ នៅចំណុចដីឡូត៍ ផ្លូវបេតុង ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន ០៥នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូ ០១គ្រឿង (ម៉ាក Honda Dream 125CC ផលិតឆ្នាំ២០១៦ មិនចាំផ្លាកលេខ) ក្រោយធ្វើសកម្មភាពបានសម្រេច ក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់ពីដឹងសភាពការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ ដឹកនាំដោយ លោកវរសេនីយ៍ទោ ផល មេសា អធិការរងដឹកនាំផែនការងារនគរបាលយុត្តិធម៌ ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងបើកកិច្ចប្រតិបត្តិការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ រហូតមកដល់ម៉ោង០២:០០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ទើបចាប់ខ្លួនជនសង្ស័យបានទាំង ០៥នាក់ ត្រង់ចំណុច ផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រួមទាំងចាប់យកវត្ថុតាង ម៉ូតូ ០២គ្រឿង។
អត្តសញ្ញាណជនសង្ស័យទាំង ០៥នាក់៖ ១-ឈ្មោះ អាត អារីហ្វីន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២-ឈ្មោះ ញ៉ែម ហូវ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ៣-ឈ្មោះ អ៊ូច ចន្ទសម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ៤-ឈ្មោះ លឹម ថាវីត ភេទប្រុស អាយុ២៩ឆ្នាំ មានទៅលំនៅ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ៥-ឈ្មោះ ទី ដាវី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំំនៅ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូជនសង្ស័យ ០២គ្រឿង -ម៉ាក Honda Dream 125CC ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1LM-3617 និង-ម៉ាក Honda Scoopy ពណ៌ស ផ្លាកលេខ ភ្នំពេញ1LO-5719
សម្ភារៈបាត់បង់៖ ម៉ូតូជនរងគ្រោះ ០១គ្រឿង -ម៉ាក Honda Dream 125CC ផលិតឆ្នាំ២០១៦ មិនចាំផ្លាកលេខ
សូមបញ្ជាក់ថា៖ ម៉ូតូជនរងគ្រោះ ត្រូវបានជនសង្ស័យ យកទៅលក់ឱ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅចំណុចស្ពានអាកាសចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំពោះមុខ សមត្ថកិច្ចជំនាញ ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានរៀបចំនីតិវិធីកសាងសំណុំ ជនសង្ស័យទាំង ០៥នាក់ខាងលើ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(វាយជនរងគ្រោះយកម៉ូតូ) បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីនីភ្នំពេញ ចាត់ការតាមច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី
