ពាក់ព័ន្ធនឹងការដើរជាន់មីនរបស់ទាហានថៃនៅព្រឹកថ្ងៃសៅរ៍នេះ កម្ពុជា មិនទាន់មានព័ត៌មានលម្អិតណាមួយ ជុំវិញករណីផ្ទុះមីននៅព្រំដែនឡើយ ក្រៅពីសារព័ត៌មានថៃ បានចុះផ្សាយថា មានយោធាថៃ ៣នាក់ បានដើរជាន់មីនបណ្ដាលឱ្យរបួសធ្ងន់។
«រហូតមកដល់ពេលនេះ ក្រៅពីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃទាក់ទងនឹងការផ្ទុះមីនបង្កឱ្យមានរបួសទាហានថៃ ៣ នាក់, យើងមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជា ទាក់ទងនឹងការផ្ទុះមីននេះនៅឡើយទេ»។ នេះបើយោងតាមមន្ត្រីនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៩ សីហា។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រៅពីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃទាក់ទងនឹងការផ្ទុះមីនបង្កឱ្យមានរបួសទាហានថៃ៣នាក់ ក្រសួងការពារជាតិមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជាទាក់ទងនឹងការផ្ទុះមីននេះនៅឡើយទេ។ កងទ័ពកម្ពុជា បាន និងកំពុងគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
កម្ពុជា រំពឹងថា ភាគីថៃ នឹងគោរពបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួនដូចកម្ពុជាដែរ។
«យើងសង្ឃឹមថាភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ៕ រក្សាសិទ្ធដោយ : សុទ្ធលី




