ភ្នំពេញ : អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការច្រានចោលចំពោះការលើកឡើងរបស់ក្រសួងការបរទសថ លើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់ព្រំដែន។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែល ចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជា មានមោទកភាព ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែល កម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជា បានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាងមួយលានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាងបីលានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថភាពដល់សហគមន៍។
មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ពីការពិត នៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ហេតុនេះ គ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ ជា សាធារណៈណាមួយ។ ការចោទប្រកាន់ដោយគ្មានការពិត នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់ បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នា នៅក្នុងស្ថានភាពនេះ។
កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរ មិនត្រូវ ចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់កិច្ចសហការជាមួយភាគីថៃ “ សហគមន៍អាស៊ាន និង សហគមន៍មីនអន្តរជាតិ ដើម្បីប្រកាន់ខ្ជាប់នូវសន្តិភាព និងលើកកម្ពស់សុខសុវត្ថភាព។
កម្ពុជាប្តេជ្ញា៖ ·អនុលោមទៅតាមអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស · រក្សាសន្តិភាព បន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការបច្ចេកទេស និង ច្រានចោលរាល់ការចោទប្រកាន់ណាមួយ ដែលផ្ទុយនឹងបទឈប់បាញ់៕រក្សាសិទ្ធដោយ: សុទ្ធលី




