ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្បួនធម្មយាត្រាសន្តិភាព របស់គណៈសង្ឃនាយកកម្ពុជា ធ្វើឡើងដើម្បីបង្ហាញឱ្យអន្តរជាតិ បានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព, ការរីកចម្រើន និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ ។
ឯកឧត្តម ឃួង ស្រេងថ្លែងបែបនេះប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងអញ្ជើញពិនិត្យ លើការរៀបចំការការពារ សន្តិសុខសណ្តាប់ធ្នាប់ ជូនគណៈសង្ឃនាយកកម្ពុជា ក្នុងដំណើរធម្មយាត្រាសន្តិភាព ដែលនិមន្តចេញដំណើរ ពីរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ឆ្ពោះទៅ វិមានឯករាជ្យ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា គណៈសង្ឃនាយក បានយល់ច្បាស់ថា សាសនា បានកើងឡើងក្រោមដំបូងសន្តិភាព មានសន្តិភាព ទើបមានសាសនា ។ សាសនា នៅកម្ពុជា ត្រូវបានបាត់បង់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែបានកើតឡើងវិញ នៅក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងកំពុងរីកដុះដាល ដោយមានជំនឿពីពុទ្ធសាសនិកនៅកម្ពុជា ប្រមាណជាង៩០% ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវព្រះពុទ្ធសាសនា ខណៈដែលគ្រប់ទីវត្តអារាមទាំងអស់ កំពុងមានការរីកចម្រើន ។
ក្នុងនោះឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ព្រះសង្ឃ ក៏មានការភ័យខ្លាច ការបាត់បង់សន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ក៏ដូចជាប្រជាពលរដ្ឋពុទ្ធបរិស័ទ របស់ព្រះអង្គ ដូចនេះ ទើបគណៈសង្ឃនាយក បិណ្ឌបាតទៅរាជរដ្ឋាភិបាល សុំធ្វើធម្មយាត្រាសន្តិភាព សុំសន្តិភាព និងសុំការដោះលែងចំណាំក្មាំង ដែលមានអរិភាពជាមួយគ្នាកន្លងមកនេះ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ការធ្វើនេះ ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ទាំងសាសនិក ឬកាតូលិក ឥស្លាមសាសនា ដែលជាប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវការសន្តិភាព ត្រូវការការរីកចម្រើន ត្រូវការការរស់នៅមួយ ដែលមានស្ថេរភាព ចឹងមិនត្រូវការសង្គ្រាមទេ” ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ចូលរួមជាមួយរាជរដ្ឋាភិបាល ហើយត្រូវមានទំនុកចិត្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអាចធានាបានថា ទឹកដីកម្ពុជា មិនបាត់មួយមីលីម៉ែត្រ ហើយក៏មិនត្រូវការទឹកដីអ្នកដទៃ មួយមីលីម៉ែត្រដែរ ។
បន្ថែមលើនេះ ឯកឧត្តម ឃួង ស្រេង ជឿជាក់ថា ក្រោយមានអរិភាពនេះ ទូទាំងសកលលោក បានមើលឃើញច្បាស់ ពីប្រជាជនកម្ពុជា និងមើលឃើញច្បាស់ ពីការដឹកនាំរបស់សម្តេចទាំងទ្វេ តេជោ-ធិបតី ក្នុងកិច្ចការដឹកនាំ ដែលមិនជាអ្នកបង្កឱ្យមានបញ្ហា ជាមួយប្រទេសជិតខាងឡើយ តែផ្ទុយទៅវិញ មានតែអ្នកជិតខាងកម្ពុជានោះទេ ដែលធ្វើទង្វើមិនគោរពច្បាប់អន្តរជាតិ ។ ទោះជាយ៉ាងកម្ពុជា នៅតែមានជំនឿយ៉ាងមុតមាំថា យុត្តិធម៌នៅតែមានសម្រាប់កម្ពុជា។
គណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាពនៃប្រទេសទាំងពីរ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។
ពិធីនេះមានការយាងពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងនិមន្តពីសំណាក់សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះមេគណ និងព្រះរាជាគណៈតាមឋានានុក្រម ព្រះមន្ត្រីសង្ឃសរុបចំនួន ២៥៦៩អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើននាក់ផងដែរ។
សូមជម្រាបថា ព្រះសង្ឃដែលនិមន្តមកដង្ហែក្បួនធម្មយាត្រានេះ និមន្តមកពី១៨វត្ត ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានវត្តបទុមវតីរាជវរារាម វត្តឧណ្ណាលោម វត្តមហាមន្ត្រី វត្តនួនមណីរាម ហៅវត្តថាន់ វត្តលង្កា វត្តនាគវ័ន វត្តស្ទឹងមានជ័យ វត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស វត្តវារិន្ទព្រែកលាប វត្តជម្ពូវ័ន វត្តសារវ័នតេជោ វត្តស្រះចក វត្តទួលទំពូង វត្តព្រះពុទ្ធមានបុណ្យ វត្តកោះ វត្តព្រះពុទ្ធឃោសាចារ្យ វត្តញាណរង្សី និងវត្តចិនដំដែក។
ពិធីធម្មយាត្រាសន្តិភាពនេះបានចាប់ផ្តើមដង្ហែចាប់ពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចបន្តដង្ហែ ក្បួនធម្មយាត្រានេះ ឆ្ពោះទៅកាន់វិមានឯករាជ្យ។
គោលបំណងសំខាន់ៗចំនួន៣ ដែលប្រារព្ធពិធីធម្មយាត្រានាឱកាសនេះ គឺ៖
- សុំបិណ្ឌបាត្រឲ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ
- សុំបិណ្ឌបាត្រភាគីថៃ ក្នុងនាមជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ឲ្យមានការដោះលែង កងទ័ពខ្មែរចំនួន១៨រូប ដែលត្រូវបានចាប់ជាចំណាត់ខ្មាំង
- សុំបិណ្ឌបាត្រដល់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ រក្សាសន្តិភាព ស្ថេរភាពសម្រាប់ប្រជាជាតិនៃប្រទេស ទាំងពីរជានិរន្តរ៍
ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាយើង បានរក្សាជំហរយ៉ាងរឹងមាំ ក្នុងការគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Putrajaya ប្រទេសម៉ាឡស៊ី កន្លងទៅនេះ។ បទឈប់បាញ់នេះ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីស.រ.អា ក្នុងនោះក៏មានការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន និងប្រធានប្តូរវេនអាស៊ាន ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេមានព្រះរាជឱង្ការថា ព្រះរាជាណាចក្រកម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថេរភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពគឺជាឬសគល់នៃការអភិវឌ្ឍន៍។
ដោយមើលឃើញអំពីសារៈសំខាន់នៃសន្តិភាពយ៉ាងនេះហើយ គណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា បានបិណ្ឌបាត្រឲ្យមានការគោរពបទឈប់បាញ់ កម្ពុជា-ថៃ ព្រមទាំងបញ្ឈប់ការប្រើប្រាស់ គ្រប់វិធីសាស្ត្រផ្សេងៗ ដែលបង្កឲ្យមានអរិភាពនឹងគ្នា និងសូមបិណ្ឌបាត្រភាគីថៃ ឲ្យដោះលែងកងទ័ពកម្ពុជាចំនួន ១៨រូប ដែលបានចាប់ជាចំណាត់ខ្នាំង ក្នុងនាមប្រទេសទាំងពីរជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា និងដើម្បីជាប្រយោជន៍ដ៏ឧត្តុងឧត្តមសម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជុំដល់ប្រជាជាតិខ្មែរ និងសកលលោក ទាំងមូលផងដែរ។
មុខនឹងបញ្ចប់ ធម្មយាត្រាសន្តិភាពនាឱកាសនេះ គណៈសង្ឃនាយកទាំងពីរគណៈ បានបួងសួងឲ្យ សន្តិភាព កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមឲ្យបទឈប់បាញ់មាននិរន្តភាពជារៀងរហូតទៅ៕ រក្សាសិទ្ធដោយ : សុទ្ធលី

























