ភ្នំពេញ៖ លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញបានដឹកនាំសមាជិកសកម្ម នៅរាជធានីភ្នំពេញ ចំនួនជាង២៥០នាក់ មកសិក្សាឈ្វេងយល់អំពីពិធីបុណ្យចូលព្រះវស្សា ការធ្វើសមាធិ សូត្រមន្តរំលឹកគុណដល់វីរកងទ័ព ដែល ពលីក្នុងសមរភូមិមុខ និងបួងសួង សុំ សេចក្ដីសុខជូនព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះនៅក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
លោកស្រី ដោ សម្ផស្ស អនុប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញបានឱ្យដឹងថា៖ សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញដឹកនាំដោយលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ជាប្រធានបានផ្តួចផ្តើមឱ្យមាន កម្មវិធីចំនួន៣ ក្នុងពេលតែ១ នោះគឺការនាំប្អូនៗនារីចំនួន១៥០នាក់ ដែលជាសមាជិកសកម្ម និងបងប្អូនជាសមាជិកាគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជានៅតាមខណ្ឌទាំង១៤ ចំនួន១០០នាក់ទៀត មកសិក្សាស្វែង យល់ អំពីពិធីបុណ្យចូល ព្រះវស្សា ដែលសម្តែងដោយព្រះភិក្ខុ សតិបាលោ សុខ សុផៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច គូ សុភាព។ ក្នុងឱកាសនេះទាំងសមាជិកសកម្ម និងសមាជិកាគាំទ្រទាំងអស់បានស្វែងយល់កាន់តែច្បាស់ថាតើពិធីបុណ្យចូល ព្រះវស្សា គេធ្វើអ្វីខ្លះ សំរាប់ទំនៀមទំលាប់របស់យើង។ ប្រធានបទទី២ ព្រះភិក្ខុសង្ឃបានដឹកនាំធ្វើសមាធិ បន្ទាប់មកគឺពិធីសូត្រមន្តរំលឹកគុណវីរកងទ័ពដែលពលី ក្នុងសមរភូមិមុខនិងបួងសួងសុំសេចក្ដីសុខ ជូនព្រះរាជាណាចក្រកម្ពុជា ។
កម្មវិធីនេះបានធ្វើឡើងដោយចាប់ពីម៉ោង២និង៣០នាទីរសៀលរហូតដល់ម៉ោង៥ល្ងាច ដោយមានសំណួរ-ចំលើយ បកស្រាយដោយគ្រូឧទ្ទេសជាព្រះសង្ឃផងដែរ៕រក្សាសិទ្ធដោយ : សុទ្ធលី















