ភ្នំពេញ ៖ គិតចាប់តាំងពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង ៦ និង០០នាទី ព្រឹកនេះ សភាពការណ៍តាមបន្ទាត់ព្រំដែនក្នុងយោធភូមិទី៤ និងទី៥ នៅខេត្តព្រះវិហារ ឧត្ដរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់។ កម្លាំងកម្ពុជាប្រុងប្រយ័ត្នខ្ពស់ ដើម្បីបំពេញតួនាទីតាមបទបញ្ជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងបញ្ជាក់ថា សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងទី៥ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យគឺមានសភាពស្ងប់ស្ងាត់ តែកងកម្លាំងរបស់យើងគឺស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីឱ្យខាងតែបាន។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ជាថ្មីថា កងកម្លាំងកម្ពុជាបានគោរពយ៉ាង ម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នាទាំង១៣ចំណុច កាលពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន៦ ចូលរួម ក្នុងនោះរួមមាន (ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន៧ប្រទេសបានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចជា ខេត្តបាត់ដំបង (យោធភូមិភាគទី៥) ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូរបីជាន់ (ភូមិជោគជ័យ) និងច្រកបឹងត្រកួន និងខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)។ លោកជំទាវឧត្ដមសេនីយ៍ឯកបានលើកឡើងថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាឆៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានបញ្ចប់កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕រក្សាសិទ្ធដោយ៖សុទ្ធលី


