Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់សញ្ជាតិ

ភ្នំពេញ ៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នាព្រឺកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំសមាជិក សមាជិកាគណ:កម្មការ នីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅវិមានរដ្ឋសភា។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនិងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

គួរឱ្យដឹងផងដែរថា៖សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

ការរៀបចំវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការដកសញ្ជាតិនេះ បានធ្វើឡើងស្របពេល ដែលកម្ពុជា កំពុងប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ នៅតាមបណ្តោយព្រំដែន។កន្លងទៅនេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបើកផ្លូវឱ្យមានការរៀបចំច្បាប់ឲ្យដកសញ្ជាតិខ្មែរបាន សម្រាប់ជនណាដែលប្រព្រឹត្តអំពើក្បត់ជាតិធ្ងន់ធ្ងរ។
ខ្លឹមសារថ្មី នៃសេចក្តីស្នើ វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ដូចតទៅ៖ «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។
ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×