ភ្នំពេញ ៖ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន ២៨ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន១១ ដើម្បីពន្យល់អំពីការវិវត្តនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង២៨ស្ថានទូតប្រចាំនៅកម្ពុជា និង១១ តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាង ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ។
កិច្ចប្រជុំ បានធ្វើឡើងបន្ទាប់ពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការវិវត្តថ្មី ជាពិសេសគឺការរំលោភបំពានកាន់តែខ្លាំងឡើងពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីផ្ទុះអាវុធរយៈពេល៥ថ្ងៃ ដែលបណ្តាលមកពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ភាគីទាំងពីរក៏បានបន្តចុះកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥៕រក្សាសិទ្ធដោយ៖សុទ្ធលី


















