Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងជំនាញបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ខណៈឆមាសទី១ ឆ្នាំ២០២៥ កងកម្លាំងបង្រ្កាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទទម្ងន់ជាង៣តោន

រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបទបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការរបស់រាជរដ្ឋាភិបាល ខណៈដែលនិន្នាកាលសកលមិនទាន់មានការថយចុះ នៃសកម្មភាពជួញដូរគ្រឿងញៀននេះនៅឡើយទេ។

ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាន-អនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនរាជធានី-ខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យយកចិត្តទុកដាក់នៅតាមទីតាំងសប្បាយដ្ឋាន និងអគារនានាដែលមានហានិភ័យខ្ពស់ ហើយក្លាយជាទីតាំងនៃការលបលួចស្ដុក កែច្នៃ និងចែកចាយគ្រឿងញៀន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញការអនុវត្តវិធានការរដ្ឋបាល ស្របនឹងវិធានការច្បាប់ ជាពិសេសនៅតាមគោលដៅដែលមានហានិភ័យដូចជា សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ក្លឹបកម្សាន្ដ ខារ៉ាអូខេ និងតំបន់មិនរៀបរយជាដើម ដើម្បីបង្រួមទីផ្សារប្រើប្រាស់គ្រឿងញៀន ឈានទៅលុបបំបាត់ការនាំចូល ការចរាចរ និងការជួញដូរគ្រឿងញៀននៅកម្ពុជា។ បន្ថែមពីនេះ ត្រូវជំរុញការងារស្រាវជ្រាវស៊ើបអង្កេតស្វែងរកទ្រព្យដែលជាផលនៃបទល្មើសគ្រឿងញៀន ដើម្បីពន្លាតនីតិវិធីចោទប្រកាន់បទល្មើសសម្អាតប្រាក់ និងឃាត់ទុកបង្កករឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។ លើសពីនេះ ត្រូវបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុង និងក្រៅប្រទេស។

ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យលើកកម្ពស់សមត្ថភាពជំនាញក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបការលួចលាក់នាំចូល ចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន ជាពិសេសទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវគោលដៅលួចលាក់កែច្នៃសារធាតុញៀន។
ដោយឡែក សម្រាប់ថ្នាក់ដឹកនាំដែលដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការ ត្រូវប្រើប្រាស់នូវវិធានការជំនាញ និងបទពិសោធន៍ ដើម្បីធ្វើយ៉ាងណាឲ្យប្រតិបត្តិការបង្ក្រាបនោះទទួលបានជោគជ័យ ហើយគ្មានបង្កហានិភ័យ ឬគ្រោះថ្នាក់ណាមួយដល់កងកម្លាំង។ ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន គឺសុទ្ធតែមានអាវុធហើយមានចរិកកាចសាហាវ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលសម្រេចបានពេលកន្លងទៅនេះផងដែរ។

សូមជម្រាបថា លទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០២៥ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៤៣១២/៣៨១៤ករណី កើន ៤៩៨ករណី ស្មើ ១៣% ឃាត់ខ្លួន ១០,៩៧១/៩,៤១១នាក់ កើន ១,៥៦០នាក់ ស្មើ ១៧% ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៣តោន ៩៣៩គីឡូក្រាម/៣តោន ៤២៧គីឡូក្រាម កើន ៥១២គីឡូក្រាម ស្មើ ១៥% និងសារធាតុគីមី ១តោន ៩៩គីឡូក្រាម/១៤គីឡូក្រាម កើន៩៥៨គីឡូក្រាម ស្មើ៦៧៩% រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត ដែក្នុងនោះរួមមាន៖ ១)ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ២,៦៣០ករណី ឃាត់ខ្លួន ៥,៤៦២នាក់។ ២)ករណីកែច្នៃផលិត ៣ករណី ឃាត់ខ្លួន ២២នាក់។ ៣)ករណីដាំដុះដំណាំកញ្ឆា ៥ករណី ឃាត់ខ្លួន ៨នាក់។ ៤)ចាត់ចែងសម្រួលឲ្យប្រើប្រាស់ ៤ករណី ឃាត់ខ្លួន២២នាក់។ ៥)បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៣ករណី ឃាត់ខ្លួន១៧នាក់។ ៦) ករណីប្រើប្រាស់ ១,៦៥៧ករណី ឃាត់ខ្លួន៥,៤៤០នាក់ ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន១,១៣៤នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ចំនួន៤,១១៩នាក់ និងធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ ចំនួន១៨៧នាក់។ ៧)ករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំង ចំនួន ៥២ករណី ត្រូវបានបង្រ្កាបចាប់មេក្លោង ចំនួន ៤៩នាក់ ខ្សែរយៈបណ្តាញ ចំនួន ១២៥នាក់ ចាប់យកសារធាតុញៀន សរុប ៣តោន ៨៧៣គ.ក្រ និងសារធាតុគីមីផ្សំ សរុប ១តោន ៩៥គ.ក្រ។

លទ្ធផលការងារសម្អាតប្រាក់ ករណីធ្ងន់ធ្ងរ ចំនួន ៥២ករណី ចោទបទសម្អាតប្រាក់ ១០ករណី និងករណីធម្មតា ចំនួន ៦៣៣ករណី ចោទបទ សម្អាតប្រាក់ ១ករណី បានឃាត់ទុក និងបង្រ្កកទ្រព្យសម្បត្តិ ៖ រថយន្ត ១១២គ្រឿង, ម៉ូតូ ១,៤៨៨គ្រឿង, គណនីធនាគារ ១០១គណនី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×