Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន៖ ពុកសង្ឃឹមថា វណ្ណដា នឹងយល់ ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយកូនគប្បីស៊ូទ្រាំ ដើម្បីប្រយោជន៍ជាតិ

ភ្នំពេញ ៖ នៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរពិចារណាឱ្យបានល្អិតល្អន់រឿងពហិការកូកាកូឡា ប្រយ័ត្នចាញ់កលសត្រូវ ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ទាំងកណ្តាលអាធ្រាត្រ បន្ទាប់ពីពលរដ្ឋខ្មែរផ្ទុះការខឹងសម្បា ហើយពហិការកូកាកូឡា ព្រោះក្រុមហ៊ុនផ្តាច់កុងត្រាផ្សព្វផ្សាយជាមួយតារារ៉េបវណ្ណដា ។

ខាងក្រោមជាសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ ” សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។ ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុន ផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា?

បន្ទាប់មកយើងត្រូវដឹងថា ទោះជាកូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុងកម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល។ ការបង់ពន្ធក៏បានមកកម្ពុជា ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះ កម្ពុជា គឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែត ឈប់លក់ប្រេងតែយើងបានម្ជាសការកាត់ផ្តាច់និងឈប់ទិញជាមុន ដើម្បីកុំឲ្យគេគំរាមយើងបានទៀត ។

ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះ ផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកានេះ ផលិតនៅកម្ពុជា បងប្អូនពហិការមិនប្រើកម្ពុជា គឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ ។

ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង ។

សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ ។

ពុកសង្ឃឹមថាវណ្ណដា និងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយ កូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។ វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ “៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×