Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ រដ្ឋាភិបាលអូស្ត្រាលី ជានិច្ចកាលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសចំពោះការផ្តល់នូវអាហារូបករណ៍ដល់យុវជនកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី Melissa Kelly នាយកផ្នែកអប់រំអន្តរជាតិរបស់អាជ្ញាធរស្តង់ដាកម្មវិធីសិក្សាចំណេះដឹងទូទៅ នៃនាយកដ្ឋានអប់រំ រដ្ឋាភិបាលអូស្ត្រាលីខាងលិច លោក Colin Glass ប្រធានក្រុមប្រឹក្សា SpringBoard4Education និងលោក សែន ពិដែត នាយកគ្រប់គ្រងនៃ SpringBoard4Education។
ជំនួបនេះមានគោលបំណងដើម្បី ស្វែងយល់ពីប្រព័ន្ធអប់រំ និងកម្មវិធីសិក្សានៃអូស្ត្រាលីខាងលិច ចែករលែកបទពិសោធលើការងារអប់រំ និងវឌ្ឍនភាពកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យអប់រំរវាងប្រទេសអូស្ត្រាលី និងកម្ពុជា សំដៅពិនិត្យលទ្ធភាពក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ និងកីឡា ដែលតែងផ្តល់នូវការគាំទ្រ សម្របសម្រួលជំរុញឱ្យរាល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនានាជាមួយប្រទេសអូស្ត្រាលី ដំណើរការទៅដោយរលូនប្រកបដោយភាពជោគជ័យ និងបានចែករំលែកពីវឌ្ឍនភាពនៃសមិទ្ធផលនានាដែលលេចចេញពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងកម្ពុជា និងអូស្ត្រាលី។

ក្នុងឱកាសនេះ លោក Colin Glass ប្រធានក្រុមប្រឹក្សានៃ SpringBoard4Education បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានផ្តល់កិច្ចសហការប្រកបដោយការយកចិត្តទុកដាក់នាពេលកន្លងមក និងបានកោតសរសើរពីការវិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមប្រឹក្សា បានឱ្យដឹងថា SpringBoard4Education គឺជាស្ថាប័នវិនិយោគអន្តរជាតិ ដែលផ្តោតសំខាន់លើការជំរុញ និងវិនិយោគលើវិស័យអប់រំនៅតាមប្រទេសនានាជុំវិញពិភពលោក ដែលមានសាខានៅអាស៊ី អារ៉ាប់ និងអាហ្វ្រិច។ ដោយមានការសហការ និងគាំទ្រពីរដ្ឋាភិបាលប្រទេសអូស្ត្រាលីភាគខាងលិច តាមរយៈនាយកដ្ឋានអប់រំ ស្ថាប័ន SpringBoard4Education បានភ្ជាប់ទំនាក់ទំនងវិស័យអប់រំរវាងប្រទេសកម្ពុជា និងអូស្ត្រាលី ក្នុងគោលដៅ អភិវឌ្ឍវិស័យអប់រំនិងផ្តល់ឱកាសឱ្យសិស្សានុសិស្សបានសិក្សាក្នុងកម្មវិធីសិក្សាអន្តរជាតិរបស់រដ្ឋអូស្ត្រាលី។ បច្ចុប្បន្ន មានសាលាអន្តរជាតិចំនួន ១៥ នៅកម្ពុជាកំពុងអនុវត្តកម្មវិធីសិក្សាចំណេះដឹងទូទៅប្រទេសអូស្ត្រាលីភាគខាងលិច ដែលក្នុងនោះមានសិស្សកម្ពុជាសរុបប្រមាណ ៤០០០នាក់។

បន្ថែមពីនេះ លោកស្រី Melissa Kelly នាយកផ្នែកអប់រំអន្តរជាតិរបស់អាជ្ញាធរស្តង់ដា កម្មវិធីសិក្សាចំណេះដឹងទូទៅ នៃនាយកដ្ឋានអប់រំ រដ្ឋាភិបាលអូស្ត្រាលីខាងលិច បានឱ្យដឹងថា កម្មវិធីសិក្សាចំណេះដឹងទូទៅប្រទេសអូស្ត្រាលីភាគខាងលិច (Western Australian Curriculum) គឺជាកម្មវិធីសិក្សាស្តង់ដាអន្តរជាតិ នៃនាយកដ្ឋានអប់រំ របស់រដ្ឋាភិបាលប្រទេសអូស្ត្រាលីភាគខាងលិច ស្របទៅតាមស្តង់ដាអប់រំរបស់ប្រទេសអូស្ត្រាលី និងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ បន្ទាប់ពីបញ្ចប់ការសិក្សា សិស្សនឹងមានឱកាសប្រឡង និងទទួលបានសញ្ញាបត្រ ATAR (Australian Tertiary Admission Rank) ដែលត្រូវបានចេញដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងអាចប្រើប្រាស់ដើម្បីបន្តការសិក្សានៅគ្រប់សាកលវិទ្យាល័យក្នុងទូទាំងពិភពលោកផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី ដែលជានិច្ចកាលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសចំពោះការផ្តល់នូវអាហារូបករណ៍ដល់យុវជនកម្ពុជា ការសហការផ្លាស់ប្តូរបទពិសោធ Exchange Program និង Dual Degree ដែលបានផ្តល់ឱកាសជាច្រើន និងកាន់តែសម្បូរបែបដល់សិស្សនិស្សិតកម្ពុជាអាចបន្តពង្រឹងនិងពង្រីកចំណេះដឹង ជំនាញកាន់តែទូលំទូលាយ និងមានភាពជាពលរដ្ឋសាកលសម្រាប់ការប្រកួតប្រជែងលើទីផ្សារការងារជាតិ និងអន្តរជាតិ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ SpringBoard4Education ក្នុងផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យអប់រំរវាងកម្ពុជា និងអូស្ត្រាលីខាងលិច តាមរយៈការនាំយកនូវកម្មវិធីសិក្សាស្តង់​ដាអន្តរជាតិនៃអូស្ត្រាលីខាងលិចមកកាន់កម្ពុជា ដោយគូសបញ្ជាក់នូវការសហការគាំទ្ររាល់គំនិតផ្តួចផ្តើមនានាដែលមានគោលដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ព្រមទាំងថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានជួយគាំទ្រនិងសម្របសម្រួលឱ្យកិច្ចសហការនេះទទួលបានជោគជ័យជាបន្តបន្ទាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×