ភ្នំពេញ ៖ កម្ពុជាសូមអំពាវនាវដល់ភាគីថៃបញ្ចប់មហិច្ឆិតាបំពានកម្ពុជា ងាកមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ ក្នុងនាមជាប្រទេសជិតខាង និងរួមគ្នាដើម្បីកសាងលើកម្ពស់ ជីវភាពរបស់នៅរបស់ប្រជាជនទាំងសងខាងនាពេលអនាគត។
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានអញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ “កម្ពុជា ប្រទេសស្រលាញ់សន្តិភាព”។
កម្ពុជាសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃដែលថាកម្ពុជាដាក់មីនថ្មី។ ភាគីថៃបានយកវិស័យមីនបង្កឲ្យមានការឈ្លានពានលើទឹកដីកម្ពុជា។
មីន គឺជាសត្រូវរបស់កម្ពុជា និងប្រជាជនខ្មែរ នៅលើពិភពលោកនេះ កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់មីន។
កម្ពុជានៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ លើការងារបោសសំអាតមីន នៅពេលវិលមកភាពប្រក្រតីឡើងវិញ ហើយនឹងការជជែកគ្នារវាងបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា បើសិនគ្រាន់មីនដែលភាគីថៃ យកមកតាំងបង្ហាញដល់គណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលឃើញជាក់ស្តែង ដែលភាគច្រើននៅមានសល់គន្លឹះ គឺជាមីនថ្មីដូចដែលមន្ត្រីជំនាញបញ្ជាក់ពិតមែន គឺថៃបានរំលោភអនុញ្ញាអូតាវ៉ាយ៉ាងធ្ងន់ធ្ងរ ដោយសារបានរក្សាទុកគ្រាប់មីនប្រឆាំងមនុស្សមិនបំផ្លាញចោល ក្រោយចូលជារដ្ឋភាគី។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា «ជាញឹកញាប់ភាគីថៃ តែងតែយកគ្រាប់មីនមកសម្តែង យកមកធ្វើជាល្ខោនដាក់តាំងតាមបំណងរបស់គាត់ ហើយបើមីនដែលគាត់យកមកតាំងយ៉ាងច្រើន មានចំនួន ៣០ ទៅ ៤០ នេះ ជាមីនថ្មីពិតមែន មានន័យថា ភាគីថៃរំលោភអនុញ្ញាអូតាវ៉ាទាំងស្រុង ក្នុងនាមជារដ្ឋភាគី ព្រោះអនុញ្ញាអូតាវ៉ា បានចែងច្បាស់ថា រដ្ឋភាគីត្រូវតែកម្ទេចបំផ្លាញចោលរាល់គ្រាន់មីនប្រឆាំងមនុស្ស ឫមីននៅក្នុងប្រទេសរបស់ខ្លួននៅពេលដែលក្លាយជារដ្ឋភាគី»។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ដែរថា កម្ពុជាបានចាប់ផ្តើមបំផ្លាញចោលនូវបណ្តាគ្រាប់មីនប្រឆាំងមនុស្ស នៅពេលដែលបានចូលជារដ្ឋភាគីរួចហើយ ដូចនេះបើភាគីថៃ បានលើកយកមីនមកបង្ហាញដល់គណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួន ដែលមន្ត្រីជំនាញកម្ពុជាបានបញ្ជាក់ថាជាមីនថ្មីមែននេះ គឺបានបញ្ជាក់ថា ប្រទេសថៃ ដែលជារដ្ឋភាគី កំពុងរំលោភនូវអនុញ្ញាអូតាវ៉ា យ៉ាងធ្ងន់ធ្ងរ ដោយបានរក្សាគ្រាប់បែកប្រឆាំងមនុស្សនៅក្នុងប្រទេសខ្លួន ដោយមិនបានបំផ្លាញចោល។
បើតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងបញ្ជាក់ដែរថា គ្រាប់មីនដែលថៃយកមកតាំងបង្ហាញឱ្យគណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលនោះ ភាគច្រើននៅមានសល់គន្លឹះ ដែលនោះជាមីនថ្មី ព្រោះបើមីនយកចេញពីចំការមីននឹងកាច់គន្លឹះដើម្បីដាក់ឱ្យផ្ទុះហើយ ដែលនេះគឺនៅក្នុងលក្ខណបច្ចេកទេសបានបញ្ជាក់ច្បាស់ណាស់។
ឯកឧត្ដម ហេង រតនា បញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញនៅលើតុពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះជាគ្រាប់មីនមិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ ។
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បញ្ជាក់ពីការស្រាវជ្រាវ កំណត់តំបន់រងផលប៉ះពាល់ និងប្រភេទគ្រាប់ដែលទាហានថៃបានបាញ់ និងទម្លាក់មកលើដែនអធិបតេយ្យកម្ពុជា ក្នុងនោះក៏មានជាប្រភេទគ្រាប់ MK, គ្រាប់បែកចង្កោម, គ្រាប់កាំភ្លើងធំ ១៥៥មម។
ឯកឧត្ដម ហេង រតនា បញ្ជាក់ថា បច្ចុប្បន្នតំបន់ដែលមានមីនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានប្រមាណជាង ៧០០គីឡូម៉ែត្រ មិនទាន់បានបោសសម្អាតទេ ហើយក្នុងនោះគឺមានក្នុងតំបន់ដែលកំពុងមានជម្លោះផងដែរ។
រយៈពេលជាង ៣៣ឆ្នាំមកនេះ កម្ពុជាបោសសម្អាតផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡា រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង ៤លានគ្រាប់ ហើយក្នុងនោះយើងបានបោសសម្អាតគ្រាប់មីនចំនួនជាង ១លាន២សែនគ្រាប់ ដែលក្នុងកំណត់ត្រាគ្រាប់មីនមានប្រមាណ ពី៤លានទៅ៦លានគ្រាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



