ភ្នំពេញ ៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍លើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះថា បេីព័ត៌មាននេះ ពិតជាស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីស្តីទីថៃមែន ហាក់បង្ហាញពីភាពដេីរថយក្រោយរបស់ថៃ ដែលធ្លាប់ជាប្រទេសខ្លាំងមួយក្នុងតំបន់ សហស្ថាបនិកសហគមន៍អាស៊ាន ភាពបាត់ម្ចាស់ការលេីការដឹកនាំ បាត់បង់មិត្តភាពពីប្រទេសជិតខាង និងលែងត្រូវបាននរណាហ៊ានរាប់រក ឬបេីរាប់រក គឺត្រូវប្រយ័ត្នខ្ពស់បំផុត ព្រោះអ្វីៗក៏ថៃអាចនឹងធ្វេី ដោយមិនខ្វល់ពីអ្វីទាំងអស់ ចិត្តរេដូចចុងស្រល់។
ឯកឧត្តម គួច វែងស្រ៊ុន បានថ្លែងបន្តទៀតថា តេីអ្នកធ្លាប់ឃេីញប្រទេសមួយ មានតុលាការផ្ទៃក្នុងខ្លួនឯង អាចមានសិទ្ធិចាប់ថ្នាក់ដឹកនាំប្រទេសមួយផ្សេងទេ? ហេីយតេីយកអំណាចអ្វីទៅចាប់ថ្នាក់ដឹកនាំប្រទេសមួយទៀតនោះ? បេីថៃធ្វេីបានមែន តេីអំណាចតុលាការអន្តរជាតិ និងយន្តការអន្តរជាតិ មានតម្លៃអ្វីទៀត ពិសេសតុលាការយុត្តិធម៌អន្តរជាតិ, អង្គការសហប្រជាជាតិ និងបណ្តាប្រទេសមហាអំណាចនឹងយល់យ៉ាងណា? ឬថៃចង់ក្លាយជាប្រទេសព្រៃរស់នៅតែឯង ផ្តាច់ការទាក់ទងខាងក្រៅទាំងស្រុង ឬថ្នាក់ដឹកនាំបច្ចុប្បន្ន អាចមានសិទ្ធិគ្រប់គ្រងអនាគតថៃរហូត? ហេីយតេីប្រជាជនថៃដែលមានការយល់ដឹង អាចបណ្តោយឱ្យស្ថានការដ៏អាក្រក់នេះ នឹងត្រូវចារទុកជាប្រវត្តិសាស្ត្រថាជំនាន់ថៃសតវត្សទី២១ ថៃជាប្រទេសព្រៃ ជនជាតិព្រៃ គ្មានមិត្ត ហេីយជាសត្រូវជាមួយគ្រប់ប្រទេសជិតខាងខ្លួន?
ឯកឧត្តម គួច វែងស្រ៊ុន បានបញ្ជាក់បន្ថែមថា សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា គឺបានធ្វេីគ្រប់បែបយ៉ាង ដេីម្បីតែការពារផលប្រយោជន៍ជាតិ និងប្រជាជន ពិសេសការការពារបូរណភាព អធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ ហេីយទប់ស្កាត់ការឈ្លានពាន និងប្រកាន់ខ្ជាប់ក្នុងការគោរពច្បាប់អន្តរជាតិជាគោល ហេីយកំពុងត្រូវបានប្រជាជន និងពិភពលោកទទួលស្គាល់ និងយកចិត្តទុកដាក់យ៉ាងសកម្ម។
មិនស្រួលស្អែកចេញមកថា ព័ត៌មានដែលកាសែតចុះផ្សាយនេះ គឺក្លែងក្លាយ ឬថាជាការយល់ច្រលំ។
Don’t thai to me and the world…៕ រក្សាសិទ្ធដោយ៖សុទ្ធលី


