Tuesday, August 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម ៖ និសិ្សតជ័យលាភីអាហារូបករណ៍នឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃបំផុតចូលរួមកសាងសង្គម សេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់អាទិភាពលើ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានអនុញាតឧ្យក្រុមនិសិ្សតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចំនួន ៤៧រូប ដឹកនាំដោយលោក ឆៃ ប៉េងស្រ៊ន់ ចូលជួបសំណេះសំណាល់និងទទួលអនុសាសន៍ណែនាំមុនចេញដំណើរទៅសិក្សានៅប្រទេសទំាងពីរខាងលើ។

លោក ឆៃ ប៉េងស្រ៊ន់ តំណាងក្រុមនិសិ្សតជ័យលាភី បានប្រសាសន៍ឧ្យដឹងថា អាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) គឺជាអាហារូបករណ៍មួយដែលរដ្ឋាភិបាលកូរ៉េផ្តល់ជូននិស្សិតបរទេសសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ ឧត្តមសិក្សា (ថ្នាក់អនុបណ្ឌិត ឬ បណ្ឌិត) ផ្តល់ជូននិស្សិតបរទេស ២២០០នាក់ មកពី១៦០ ប្រទេស។ សម្រាប់ឆ្នាំ២០២៥ មាននិស្សិតកម្ពុជា ជាប់អាហារូបករណ៍ GKS ចំនួនចំនួន ៤៧រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៤៥រូប និងបណ្ឌិត ០២រូប ក្នុងនោះមានស្ត្រី ៦៤% និងបុរស ៣៦ ដែលសិក្សានៅ ២៨ សាកលវិទ្យាល័យផ្សេងគ្នា លើ ៣៦ មុខជំនាញ មានវិស្វកម្ម បច្ចេកវិទ្យាវិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រសង្គម ស្ថាបត្យកម្ម បញ្ញាប្បនិម្មិត្ត AI វិទ្យាសាស្ត្រកុំព្យូទ័រ អប់រំភាសាកូរ៉េ វិទ្យាសាស្ត្រម្ហូប អាហារ ទំនាក់ទំនងអន្តរជាតិ វិស្វកម្មកុំព្យូទ័រ គ្រប់គ្រងអាជីវកម្ម រដ្ឋបាលសាធារណៈ ជាដើម។ ដោយឡែក អាហារូបករណ៍រដ្ឋាភិបាលជប៉ុន (Ministry of Education, Culture, Sports, Science and Technology in Japan, MEXT) មាននិស្សិតចំនួន ២ រូប បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ intergrade program (master-doctor) ក្នុងម្នាក់ជានារី និងម្នាក់ជាបុរស សិក្សាលើមុខជំនាញ វិស្វកម្មធនធានទឹក និងវិស្វកម្មសំណង់ស៊ីវិលនិងបរិស្ថាន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងការអបអរសាទរបស់សម្តេចរដ្ឋសភាធិបតី ជូនចំពោះក្មួយៗជានិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានជ័យលាភីអាហារូបករណ៍នៅក្នុងឱកាសនេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងការកោតសរសើរចំពោះក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារហូតទទួលបានជោគជ័យ ជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារនិងប្រទេសជាតិផងដែរ។ ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានថ្លែងអំណរគុណនូវគំនិតផ្តួចផ្តើមក្នុងការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនានា ដើម្បីស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទទួលយកនៃការចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំ សមនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍”។
ក្នុងនាមរដ្ឋសភា និងប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាលនិងប្រជាជនសាធារណរដ្ឋកូរ៉េ រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍ ដល់សិស្ស និស្សិត កម្ពុជា បានសិក្សា ដែលជាកសាងធនមនុស្សមួយដ៏មានតម្លៃបំផុត ចូលរួមកសាងសង្គម សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណ និងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនដល់និស្សិតជ័យលាភីទាំងអស់បានជ្រាបពីតួនាទីនិងលទ្ធផលការងារដែលរដ្ឋសម្រេចបានជូនប្រទេសជាតិ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា រដ្ឋសភានីតិកាលទី៧ ដែលមានសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា ដែលជាស្ត្រីដំបូងគេ ក្នុងប្រវត្តិសាស្ត្រកម្ពុជា បានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ ។ សម្តេចរដ្ឋសភាធិបតី ក៏ដូចជារដ្ឋសភាទំាងមូល បានកំពុងបំពេញមុខងារសំខាន់ៗ ទទួលបានលទ្ធផលជាទីមោទនៈ នៅក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ។ រដ្ឋសភាមានមុខងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពជាតំណាងប្រជាពលរដ្ឋនិងការងារការទូតសភា។ នៅក្នុងមុខងារជាតំណាងនិងការតាមដានការអនុវត្តច្បាប់ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា បានចុះបំពេញកិច្ចការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដោះស្រាយនូវសំណូមពរមួយចំនួនព្រមទាំងសំណើផ្សេងៗ របស់ប្រជាជន ដូចជាបញ្ហាគ្រោះរាំងស្ងួត រកទីផ្សារកសិផល ជម្លោះដីធ្លី អន្តរាគមន៍ជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាកនឹងជួយធ្វើអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលាជាដើម។ ចំណែកការងារការទូតសភាវិញ មានសកម្មភាពយ៉ាងសកម្មក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ រីឯមុខងារនីតិកម្មក៏សកម្មដូចគ្នា ពោលចាប់តាំងពីនីតិកាលទី១ រហូតមកដល់នីតិកាលទី៧នេះ រដ្ឋសភាកម្ពុជាបាន អនុម័តច្បាប់បានជាង ៦៧៤ច្បាប់ ។

ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំដល់និសិ្សតជ័យលាភីទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សា ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ ជាពិសេសការសិក្សាស្រាវជ្រាវលើមុខវិជ្ជាសិក្សានីមួយៗ និងរបបគំហើញថ្មីៗ នាំយកចំណេះវិជ្ជាមកបម្រើប្រទេសជាតិ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បង្ហាញក្តីសង្ឃឹមមុតមាំថា និសិ្សតជ័យលាភីទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមកសាងនិងអភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត់។

ក្រុមនិស្សិតជ័យលាភី បានថ្លែងអំណរគុណជ្រាលជ្រៅជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍បានចួលជួបទទួលអនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។ ជាមួយគ្នានេះក្រុមនិស្សិតទំាងអស់ បានប្តេជ្ញាចិត្តមោះមុតក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹងនិងជំនាញ ដើម្បីមកបម្រើប្រទេសជាតិ ចូលរួមអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្រុមនិស្សិតទំាងអស់បានប្តេជ្ញាធ្វើខ្លួនជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា នៅកាន់ពិភពលោក តាមរយៈស្នាមញញឹម ភាពរួសរាយរាក់ទាក់ ដើម្បីចូលរួមចំណែកភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញអ្នកទេសចរ ឱ្យមកកាន់កម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឆ្ពោះទៅសម្រេចឱ្យបានកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ នឹងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ ប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×