Tuesday, August 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផ្តើមតាំងពីព្រឹត្តិការណ៍កងទ័ពថៃវាយប្រហារមកលើកម្ពុជាដែលបណ្តាលឱ្យបាត់បង់ជីវិតទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ខែឧសភា, ការបិទច្រកព្រំដែនជាឯកតោភាគី(ថ្ងៃទី៧ខែមិថុនា) និងឈានដល់ការផ្ទុះអាវុធ (នាថ្ងៃទី២៤ ខែកក្កដា) យើងទាំងអស់គ្នាពិតជាបានកត់សម្គាល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការដ្ឋានស្នូលសំខាន់ៗ ក្នុងនោះក៏មានការអនុវត្តជាយុទ្ធសាស្ត្រនូវនយោបាយការទូត ដោយប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី, ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ (ការស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ) និងយន្តការចរចាតាមផ្លូវការទូត។

តាមរយៈបណ្តាញសង្គមនាថ្ងៃទី១៩ខែសីហានេះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងថា
ជាក់ស្តែង កិច្ចប្រជុំពិសេសរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន រួមជាមួយតំណាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាសាក្សី នាថ្ងៃទី២៨ ខែកក្កដា បានសម្រេចបានការនូវបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាននៅយប់ម៉ោង០០:០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំបានបើកច្រកបន្តដល់ការរៀបចំឱ្យមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការអនុវត្ត (ថ្ងៃទី០៧ ខែសីហា) ព្រមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងគោលដៅរក្សាឱ្យបាននូវភាពស្ងប់ស្ងាត់ និងអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

កម្ពុជា បើកចំហច្រកការទូតគ្រប់កម្រិត ប្រកបដោយដោយភាពបុរេសកម្មក្នុងនោះរួមមាន ការសម្របសម្រួលផ្តល់ព័ត៌មានអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ តាមរយៈការធ្វើបទបង្ហាញដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអន្តរជាតិជាប្រចាំ និងការដឹកនាំគណៈប្រតិភូ អង្គទូត និងអនុព័ន្ធយោធាទៅពិនិត្យ សង្កេតការណ៍ ដោយផ្ទាល់នៅទីតាំងរងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធ និងស្ថានភាពជនភៀសសឹក។ ថ្មីៗនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា ក៏បានជួបប្រជុំក្រៅផ្លូវការជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ កាលពីថ្ងៃទី១៤ ខែសីហា នេះផង ដែលបានបង្ហាញនូវសុឆន្ទៈរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព នៃតំបន់ព្រំដែនត្រលប់មកវិញ តាមគ្រប់មធ្យោបាយ។

ឯកឧត្តម បានបន្តទៀតថា សកម្មភាពខាងលើនេះ បានសរបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសមរភូមិការទូតយ៉ាងណែន ដើម្បីការពារផលប្រយោជន៍ជាតិ និងបង្ហាញនូវភាពត្រឹមត្រូវរបស់កម្ពុជាលើឆាកអន្តរជាតិ។ អ្វីៗដែលរាជរដ្ឋាភិបាលកំពុងធ្វើ បានបង្ហាញភាពខ្លាំងរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរួបរួមគ្នាជាធ្លុងមួយរបស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរបន្តជឿជាក់ និងគាំទ្រចំណាត់ការដ៏ម៉ឹងម៉ាត់ ប្រាកដនិយម និងច្បាស់លាស់ប្រកបដោយការគិតគូរល្អិតល្អន់ឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលដើម្បីនាំមកនូវស្ថានភាព ប្រក្រតីភាព និងសុខសន្តិភាពពេញលេញឡើងវិញឱ្យបានឆាប់រហ័ស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×