ថ្លែងទៅកាន់សមាជិករបស់ខ្លួននៅក្នុងទីក្រុង Chambéry ប្រទេសបារាំង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ទណ្ឌិត សម រង្ស៊ី បានលើកសរសើរដល់កងទ័ពថៃ និងបន្តុះបង្អាប់កងទ័ពខ្មែរ, នោះគឺថា ការបាញ់តបតទៅថៃរបស់កងទ័ពកម្ពុជាក្នុងរយៈពេលសង្គ្រាម ៥ថ្ងៃ ធ្វើឡើងខុសគោលដៅ មិនសំដៅលើមុខសញ្ញាយោធា គ្មានជំនាញ គ្មានសីលធម៌ ធ្វើឱ្យស្លាប់ពលរដ្ឋថៃ ទើបនាំឱ្យថៃគេមានប្រៀបលើកម្ពុជានៅពេលទៅជជែកជាមួយអន្ដរជាតិ។ ទណ្ឌិតរូបនេះបានសរសើរកងទ័ពថៃថា បាញ់ចំគោលដៅល្អលើយោធាកម្ពុជា។
ក្រោយការបង្ហោះវីដេអូឃ្លីបដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានចេញការឆ្លើយតបភ្លាមៗ ព្រោះអត់ទ្រាំនឹងការប្រមាថរបស់ជនក្បត់ជាតិរូបនេះមិនបាន, មែនទែនទៅសម្ដេចធ្លាប់បានប្រកាសហើយថា នឹងមិនតបតជាមួយទណ្ឌិតរូបនេះឡើយ ប៉ុន្ដែដោយសារតែការនិយាយហួសប្រមាណពេក ហ៊ានប្រមាថដល់វីរកងទ័ពកម្ពុជា ដែលបានលះបង់ឈាមស្រស់ សាច់ស្រស់ ដើម្បីការពារទឹកដីពីកងទ័ពឈ្លានពាន។
សម្ដេចលើកឡើងបែបនេះថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! នៅពេលប្រជាជន និងកងទ័ពយើងបាននិងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃ ដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបុរាណ រាប់ទាំងប្រាសាទព្រះវិហារ ត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារ ត្រូវរត់ចោលផ្ទះសម្បែង ក្លាយជាជនភៀសសឹក ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ។ តើគេជាមនុស្ស ឬជាសត្វ ?! តើគេស្នេហាជាតិ ឬក្បត់ជាតិ ?! សូមបងប្អូនស្តាប់ និងគិតខ្លួនឯងផងចុះ , ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដែលមានមនុស្សតាមដាន ១៥លាននាក់ ជួយផ្សព្វផ្សាយសម្ដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ ” ។
ក្រៅពីសម្ដេច ហ៊ុន សែន ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏បានចេញប្រតិកម្ម និងចាត់ទុកទណ្ឌិត សម រង្ស៊ី ពិតជាសមនឹងឈ្មោះជនក្បត់ជាតិ ៣ ជំនាន់មែន ព្រោះបុគ្គលម្នាក់នេះមិនត្រឹមតែប្រមាថដល់កម្លាំងយោធាខ្មែរ ដែលកំពុងស្ពាយកាំភ្លើងប្រយុទ្ធតតាំងនឹងចោរឈ្លានពានទឹកដីប៉ុណ្ណោះទេ ប៉ុន្ដែហ៊ានបង្ហាញអារម្មណ៍អាណិតអាសូរដល់ពួកចោរទៅវិញ។ បើសង្កេតចាប់តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដោះស្រាយវិវាទដោយសន្តិវិធី និងការពារនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមដែលមានទណ្ឌិត សម រង្ស៊ី នៅពីក្រោយ មិនត្រឹមតែមិនអើពើនឹងកិច្ចប្រឹងប្រែងការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគប់គិតគ្នាដោយចំហជាមួយកម្លាំងខាងក្រៅ ញុះញង់ឱ្យមានបដិវត្តន៍ពណ៌ ដើម្បីទាញយកផលប្រយោជន៍ពីជម្លោះព្រំដែន។ ការណ៍នេះហើយ ទើបសារព័ត៌មានថៃបានចុះផ្សាយយ៉ាងព្រោងព្រាតថ្មីៗនេះ ដោយចាត់ទុកទណ្ឌិត សម រង្ស៊ី ជាវីរបុរសថែមទៀត ពិសេសរឿងសសើរទាហានថៃ បង្អាប់ទាហានខ្មែរនេះ ដែលពលរដ្ឋខ្មែរស្នើទៅថៃថា សូមផ្ដល់សញ្ជាតិដល់ទណ្ឌិតរូបនេះផងចុះ ព្រោះ សម រង្ស៊ី មិនសមជាខ្មែរទៀតទេ។
តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកឈ្មោះ A JA A-អាចារ្យ អេ បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ជាមិត្ដស្លាប់រស់របស់ សុនធិ ឆ័យយុន អតីតម្ចាស់កាសែត The Nation , ហើយ សម រង្សី នេះឯងដែលបោះព័ត៌មានអាក្រក់ៗរបស់ខ្មែរទៅឱ្យ សុនធិ ឆ័យយុន ដែលជា CIA ប្រចាំប្រទេសថៃ បង្ហាញទៅពិភពលោក តាមរយៈកាសែតអង់គ្លេស The Nation ។ កាសែត The Nation ប្រជាជាតិខ្មែរស្គាល់សណ្ដានកាន់តែច្បាស់ គឺរាល់ព័ត៌មានចុះផ្សាយពីកម្ពុជា សុទ្ធជាព័ត៌មានបំភ្លៃការពិតទាំងអស់។
ទាក់ទងនឹងអ្វីដែលទណ្ឌិត សម រង្ស៊ី លើកឡើងខាងលើនេះដែរ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់តាមរយៈសារព័ត៌មានក្នុងស្រុកថា ជាការនិយាយរបស់ សម រង្ស៊ី ខុសពីសច្ចភាព នៃទិដ្ឋភាពជាក់ស្តែង ព្រោះបុគ្គលនេះទទួលព័ត៌មានបំភ្លៃរបស់ថៃ នាំឱ្យសម្តែងមតិខុស ដែលអាចបំបាក់ស្មារតីកងទ័ពកម្ពុជា។ យ៉ាងណាមិញ លោកយល់ថា ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស គ្មានមូលហេតុដែលជឿទណ្ឌិត សម រង្ស៊ី ឡើយ ព្រោះពួកគេបានដឹង និងឃើញច្បាស់ពីទិដ្ឋភាពជាក់ស្តែងនូវសង្រ្គាមនេះ។
លោកបណ្ឌិត យង់ ពៅ បន្តថា ការមិនច្បាស់របស់ សម រង្ស៊ី នឹងធ្វើឱ្យបាត់បង់សេចក្តីទុកចិត្តពីអ្នកគាំទ្ររបស់ខ្លួន ព្រោះពួកគេមានការអាណិតអាសូរដល់កងទ័ពជួរមុខ ដែលយកទ្រូងពាំងគ្រាប់ការពារទឹកដី ហើយការនិយាយដូច្នេះ គឺទណ្ឌិត សម រង្ស៊ី បានសម្លាប់នយោបាយខ្លួនឯង។ ក្នុងកាលៈទេសៈពេលនេះ សារនយោបាយត្រូវឆ្ពោះគាំទ្រនូវសាមគ្គីភាព ឯកភាពជាតិខ្មែរ និងគាំទ្រដល់កងទ័ពជួរមុខ។
លោកបណ្ឌិតបញ្ជាក់បន្ថែមថា កងទ័ព និងពលរដ្ឋខ្មែរបានយល់នូវស្ថានភាពជាក់ស្តែងដោយមានការរួមគ្នាជាធ្លុងមួយ។ សរុបមក ការលើកឡើងរបស់ លោក សមរង្ស៊ី នាំឱ្យគេមើលឃើញពីភាពទន់ខ្សោយ និងអសីលធម៌ចំពោះជាតិ ហេតុនេះ អ្នកគាំទ្រនឹងបាត់បង់ជំនឿចិត្ដ ធ្វើឱ្យជីវិតនយោបាយក៏ត្រូវដើរដល់ផ្លូវបញ្ចប់។
ជាការពិត ប្រជាពលរដ្ឋខ្មែរបានមើលឃើញយ៉ាងច្បាស់ថា អ្វីត្រូវ អ្វីខុស ហើយជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី តាំងពីក្មេងដល់ចាស់ មិនដែលបានធ្វើអ្វីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិឡើយ ក្រៅតែពីដើរញុះញង់ អុជអាល និងមួលបង្កាច់មេដឹកនាំរដ្ឋាភិបាល។ មេក្រុមឧទ្ទាមក្រៅស្រុករូបនេះ ក៏ធ្លាប់ត្រូវបានគេដាក់រហស្សនាមឱ្យថា “មេកៀរគរបាតុកម្ម” ដែលដឹកនាំអ្នកគាំទ្រដើរធ្វើតែបាតុកម្ម វាយកម្ទេច ដុតបំផ្លាញបង្កអំពើហិង្សាជាច្រើនលើកច្រើនសា ធ្វើឱ្យប្រជាពលរដ្ឋរស់នៅខ្វះសេចក្តីសុខ និងសុវត្ថិភាព និងធ្វើឱ្យអ្នកវិនិយោគទុនភ័យខ្លាច ក្នុងន័យបម្រើតែផលប្រយោជន៍នយោបាយខ្លួនប៉ុណ្ណោះ។
យោងតាមទង្វើដែលទណ្ឌិត សម រង្ស៊ី បានធ្វើដូចរៀបរាបខាងលើ ច្បាស់ជាអាចឆ្លើយទៅនឹងសំណួរដែលសម្ដេចតេជោ បានចោទឡើង គឺទណ្ឌិតរូបនេះមិនមែនជាមនុស្សនោះទេ ហើយក៏មិនមែនជាអ្នកស្នេហាជាតិអ្វីដែរ ប៉ុន្ដែជាជនក្បត់ជាតិ ក្បត់ទឹកដីមិនអាចប្រកែកបាន៕ CEN




