ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និង ផ្សព្វផ្សាយផែនការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបែងចែកថ្នាក់ដឹកនាំអគ្គស្នងការរងនគរបាលជាតិ ចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងដោយមានការចូលរួមពីលោក- លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារដល់លោកអធិការនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញទាំងអស់ ត្រូវរៀបចំបែងចែកកម្លាំងឲ្យ បានរៀបរយជាស្រេច ពិសេសត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ទៅលើយុទ្ធោបករណ៍ សម្ភារ និងមធ្យោបាយ ត្រៀមសម្រាប់អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ពេលមានសភាពការណ៍ណាមួយ ដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ ។ ត្រូវបែងចែកវេនប្រចាំការ និងកម្លាំងចេញល្បាតត្រួតពិនិត្យជាប្រចាំ ដើម្បីពិនិត្យសភាពការណ៍ តាមភូមិសាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ រាល់ពេលមានបទល្មើស ឬអំពើអសន្តិសុខផ្សេងៗណាមួយកើតឡើង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្តោតសង្កត់ធ្ងន់លើបញ្ហាធំៗមួយចំនួន និងបានដាក់ចេញ បទបញ្ជាម៉ឺងម៉ាត់ទៅអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងជំនាញពាក់ព័ន្ធយកទៅអនុវត្ត គឺបញ្ហាក្មេងទំនើង, បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ ។
ដោយមួយរយៈចុងក្រោយនេះ ឯកឧត្តមស្នងការ បានពិនិត្យឃើញសកម្មភាពក្រុមក្មេងទំនើង ក៏បានកើតឡើងជាបន្តបន្ទាប់ឡើងវិញ ប៉ុន្តែសមត្ថកិច្ចក្នុងនាមអ្នកអនុវត្តច្បាប់ មិនបណ្តែតបណ្តោយឲ្យសកម្មភាពនេះ អាចងើបឡើងមកវិញបានឡើយ ពោលគឺនឹងប្រើទាំងវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានដាច់ខាត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យមន្ត្រីបន្តយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាកកស្ទះចរាចរណ៍ ព្រោះបញ្ហានេះ ជាទុកកង្វល់សំខាន់បំផុតរបស់ពលរដ្ឋអ្នកធ្វើ ដំណើរប្រចាំថ្ងៃ ។ ដោយឯកឧត្តមបានដាក់បញ្ជាឲ្យការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវដាក់កម្លាំងចុះទៅសម្រួលលំហូរចរាចរណ៍ នៅតាមគោលដៅងាយទទួលរងនូវការកកស្ទះជាប្រចាំ ។ បញ្ហាសណ្តាប់ធ្នាប់ ក៏ត្រូវ តែពង្រឹងឲ្យបានខ្ពស់ នៅតាមតំបន់ប្រជុំជន ក៏ដូចជាតំបន់ផ្សារមានការលក់ដូរ ដោយត្រូវយកចិត្តទុកដាក់រៀបចំឲ្យមានរបៀបរៀបរយេបញ្ចៀសបានពីការ បាត់បង់សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ ។
បញ្ហាគ្រឿងញៀន ក៏ត្រូវបានដាក់បញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ទ្វេគុណ ពិសេសបង្ក្រាបឲ្យចំគោលដៅទាំងតូច ទាំងធំ នៅតាមមូលដ្ឋាន និងតាមបណ្តាក្លឹបកម្សាន្ត សំដៅធ្វើយ៉ាងណា អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្របតាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះដែរ បញ្ហាម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងកៃច្នៃ ក៏ត្រូវបានដាក់ បញ្ជាទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ ឲ្យទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព ព្រោះបញ្ហានេះ បានបង្កនូវជាក្តីរំខានទៅដល់ប្រជាពលរដ្ឋអ្នកដំណើរ និងពលរដ្ឋរស់នៅក្នុង លំនៅឋានជាដើម ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឲ្យបន្ត ឃាត់ម៉ូតូបំពាក់បំពង់ស៊ីម៉ាំងប្រែន មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឲ្យសាមីខ្លួនដោះបំពង់ស៊ីម៊ាំងប្រែនចេញ និងយកបំពង់ស៊ីម៉ាំងដើមដែលត្រឹមត្រូវយកមកធ្វើការផ្លាស់ប្តូរដោយខ្លួនឯង និងធ្វើការអប់រំ ហើយអញ្ជើញអាណាព្យាបាលមកធានាទទួលកូនចៅ ទើបអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ ។
បន្ថែមពីការងារខាងលើ ឯកឧត្តមស្នងការ ក៏បានក្រើនរំលឹក ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោកអធិការនគរបាលតាមបណ្តាខណ្ឌ ត្រូវតាម ដានចំពោះ ទីតាំង ឬលំនៅឋានទាំងឡាយណាដែលលួចលាក់បង្កប់ល្បែង ស៊ីសង ឬអំពើឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ ធ្វើយ៉ាងណាត្រូវយកចិត្ត ទុកដាក់ស្រាវជ្រាវ និងកំណត់ឲ្យបានច្បាស់លាស់ ដើម្បីឈានទៅបង្ក្រាបឲ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







