ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងក៏បានពិភាក្សាគ្នា អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក Anwar Ibrahim បានសរសេរឱ្យដឹងបែបនេះ៖ «ខ្ញុំបាននិយាយជាមួយប្អូនប្រុស ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយទាក់ទងនឹងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ យើងបាននិយាយគ្នាពីក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដែលបាន និងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែននៃប្រទេសជិតខាងទាំងពីរ និងក៏បានពិភាក្សាបន្ថែមអំពីវិធានការផ្សេងៗដែលអាចអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃបេសកកម្មត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍អន្តរកាល(IOT)»៕រក្សាសិទ្ធដោយ៖សុទ្ធលី

