ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជ្រាបថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២២:២០នាទី សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀម រ៉ាវុទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអនុប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ គណបក្សកម្លាំងជាតិ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០៧៣ “រ” ដ.ច.ន ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ របស់លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។
ជនសង្ស័យបន្ទាប់មកត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញសង្គមប្រព្រឹត្តសកម្មភាពសរសេរខ្លឹមសារប្រមាថចំពោះអង្គព្រះមហាក្សត្រ ផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបង្កឱ្យប៉ះពាល់ដល់ព្រះកិត្តិយសព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ។
ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចអនុវត្តអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និងសូមច្រានចោល ទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់គណបក្សកម្លាំងជាតិ ដែលចោទថាការឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀម រ៉ាវុទ្ធ ជាការគំរាមកំហែងផ្នែកនយោបាយ ដោយការចោទប្រកាន់នេះមិនផ្អែកលើអង្គហេតុ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ។
សូមអំពាវនាវឱ្យសាធារណជនត្រូវប្រើប្រាស់ព័ត៌មានដោយមានការត្រួតពិនិត្យប្រភពច្បាស់លាស់ និងចៀសវាងការចែកចាយ ឬការបញ្ចេញមតិ តាមរយៈព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់សន្តិសុខសង្គម និងប៉ះពាល់សិទ្ធិស្របច្បាប់របស់អ្នកដទៃ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីនិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី
