Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាគ្រោងនឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៧នៅថ្ងៃទី២៥ សីហាខាងមុខដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។

ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីររួមមាន សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

រាជរដ្ឋាភិបាលបានស្នើមករដ្ឋសភា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ទំាងពីរខាងលើ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៥ បានប្រគល់សេចក្តីព្រាងច្បាប់ទំាងពីរនេះ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ។ ក្រោយពីគណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យសិក្សាតាមនីតិវិធីរួចរាល់ហើយ ទើបគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២៥ ខែសីហា សប្តាហ៍ក្រោយនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×