កោះកុង ៖ អាជ្ញាធរខេត្តកោះកុង បង្រ្កាបទូកមួយគ្រឿងដឹកទំនិញគេចពន្ធពីប្រទេសថៃ (ប្រភេទគ្រឿងសមុទ្រ) និងឃាត់ចាប់មនុស្ស២នាក់ (ជនជាតិថៃម្នាក់និងជនជាតិខ្មែរម្នាក់) ដែលសង្សយ័ថាជាប់ពាក់ពន្ធ័ បន្តតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចឲ្យដឹងថា ក្នុងទូកដឹកជញ្ជូនទំនិញគេចពន្ធពីប្រទេសថៃ ចូលមកខេត្តកោះកុងនេះ មានដូចជាត្រី បង្គាមឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលមិនបានបង់ពន្ធគយ ហើយត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាបបានភ្លាមៗអំឡុងពេលប្រុងឡើងទំនិញពីទូក កាលពីថ្ងៃទី២០ខែសីហា ឆ្នាំ២០២៥ ។
ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានជនសង្សយ័២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ រួមនិងវត្ថុតាង មានទូកកន្ទុយវែង ០១គ្រឿង និងទំនិញគេចពន្ធនៅចំណុចព្រែកកោះយ៉ ។
ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




