ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងថា ពលរដ្ឋថៃជ្រុលនិយម គំរាមកាត់ក្បាលលោក។
លោក ជា ធីរិទ្ធ បានអះអាងតាមរយៈគណនីហ្វេសប៊ុកផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះថា ស្ទើររាល់ថ្ងៃ ពលរដ្ឋថៃ តែងតែផ្ញើសារមកជេរប្រមាថខ្ញុំ ក្នុងនោះមានទាំងការគំរាមសម្លាប់ផងដែរ តែខ្ញុំមិនចាប់អារម្មណ៍ច្រើនទេកន្លងមក ដោយសារវាជាវប្បធម៌និងជាអត្តសញ្ញាណរបស់ពួកឈ្លានពានជ្រុលនិយម ។
លោក ជា ធីរិទ្ធ ទម្លាយពីចិរិតដ៏សាហាវរបស់ពលរដ្ឋថៃថា៖ « នៅថ្ងៃនេះ ខ្ញុំបានចូលមើលសារឃើញគណនីហ្វ៊េសប៊ុកជនឈ្លានពានផ្ញើមកគំរាមធ្ងន់ធ្ងរជាងរាល់ដង ដោយបានគំរាមកាត់ក្បាលខ្ញុំ នៅពេលទៅប្រទេសថៃ។ សារនេះ មិនបានធ្វើឲ្យខ្ញុំភ័យខ្លាចអ្វីទេ តែធ្វើឲ្យខ្ញុំរឹតតែអាណិត ព្រោះអ្នកកាន់តែធ្លាក់ជ្រៅក្នុងសភាពសាហាវព្រៃផ្សៃក្រោមទាសភាពនៃមហិច្ចតាឈ្លានពានងងឹតងងុល ដែលពិបាកស្រោចស្រង់ ហើយគ្មានមេដឹកនាំណាជួយណែនាំ។
យ៉ាងណាក្តី ខ្ញុំតែងចងចាំពាក្យណែនាំរបស់ថ្នាក់ដឹកនាំរបស់ខ្ញុំ ជាពិសេសសម្តេចតេជោ ដែលលោកតែងរម្លឹកថា ទោះគេធ្វើអំពើសាហាវព្រៃផ្សៃគ្មានភាពជាមនុស្សដាក់យើងបែបណាក្តី ក៏យើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃនោះត្រឡប់ទៅវិញដែរ ដោយយើងត្រូវប្រកាន់យកនូវភាពថ្លៃថ្នូរជាពូជខ្មែរអង្គរ ជាមនុស្សជាតិ និងគោរពគោលការណ៍ច្បាប់អន្តរជាតិ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី


