Thursday, August 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ ទំនាក់ទំនងកម្ពុជា-វៀតណាម បានកសាងឡើង ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមកនិង បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ

ភ្នំពេញ ៖ ក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ៨០ ទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ សណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងអំណរសាទរ និង សូមជូនពរបវរមហា ប្រសើរ ជូនថ្នាក់ដឹកនាំរដ្ឋ បក្ស និង ប្រជាជនវៀតណាមជាបងប្អូន សូមទទួលបានសុខភាពល្អ សុភមង្គល វិបុលភាព និង ជោគជ័យធំធេងថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
ខណៈដែលទិវាឯករាជ្យថៃ្ងទី ២ ខែ កញ្ញា ជិតមកដល់ ប្រជាជនវៀតណាមមានអារម្មណ៍រីករាយ នៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមជាមួយនឹងការចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន ដែលបាន តស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌ ។ ទឹកចិត្តស្នេហាជាតិ និង ពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួល បានសិទ្ធិស្វ័យសម្រេច តែងតែត្រូវបានចងចាំ និង ដឹងគុណជានិច្ច ។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមន យុគសម័យថ្មី ដែលកំណត់ដោយភាពធន់, ការរួបរួម និង ក្តីសង្ឃឹម ។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរឡើងតស៊ូដើម្បីឯករាជ្យពីអាណានិគមនិយម ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានថ្លែងអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ ក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ជាពិសេស ការទទួលបានកំណើនសេដ្ឋកិច្ចជាង ៧% ក្នុងឆ្នាំ ២០២៤ ។ សម្តេចតេជោ ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការជាប្រមុខដឹកនាំ រដ្ឋាភិបាល និង ប្រជាជនវៀតណាម នឹងសម្រេចបានទិសដៅ សហស្សវត្សរ៍ចំនួនពីរ៖
ទី១. ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និង មានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ ២០៣០ ក្នុងឱកាសខួប ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម និង
ទី២. ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និង មានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៤៥ ស្របពេលខួបលើកទី ១០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ក៏ដូចជា ការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅលើឆាកតំបន់ និង អន្តរជាតិ ។

កម្ពុជាផ្តល់សារៈសំខាន់ ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ របស់ប្រទេសយើងទាំងពីរដែលបាន និង កំពុងរីកចម្រើនលើគ្រប់វិស័យ និង គ្រប់កម្រិត ដោយឈរលើ ស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង» ។
ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតរបស់ប្រទេសយើងទាំងពីរជាផ្លូវការ នៅឆ្នាំ១៩៦៧ ប្រជាជន កម្ពុជា និង ប្រជាជនវៀតណាម រក្សាបានទំនាក់ទំនងមិត្តភាពកក់ក្តៅ និង ភាពជាដៃគូដ៏ល្អប្រសើរ ។ ចំណងមិត្តភាពជាប្រពៃណីនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់ តាំងពីសម័យ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ ដឹកនាំបក្ស និង រដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ។
ស្របពេលដែលទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់យើងមានការរីកចម្រើនជាលំដាប់ យើងនៅតែចងចាំជានិច្ចនូវការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងអតីតកាល គឺ ក្នុងគ្រាដែលប្រជាជនកម្ពុជាបានលះបង់ និង គាំទ្រវៀតណាមក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួប បង្រួមទឹកដី និង ឯករាជ្យរបស់វៀតណាម និង ការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំ និង ជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការវិល ត្រឡប់នៃរបបប្រល័យពូជសាសន៍ និងជួយកម្ពុជាកសាងប្រទេសឡើងវិញ នេះ គឺជាសច្ចភាព ប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ ។

សម្តេចតេជោ បានថ្លែងបន្តទៀតថា ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើង ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញ ទៅមក ជួយគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ក៏ដូចជា បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និង វិបុលភាពនៅក្នុតំបន់ ។
ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការរក្សាបាននូវទំនាក់ទំនងកក់ក្ដៅ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង ប្រជាជនន ប្រទេសទាំងពីរ ។ ខ្ញុំមានសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយរបស់យើងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើន ឡើងគួរឱ្យកត់សម្គាល់ ។ នៅឆ្នាំ ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី ៣ របស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ ពាន់លានដុល្លារអាមេរិក និង មានការកើនឡើងជាង ១៨% ធៀបនឹងឆ្នាំ ២០២៣ ។
ស្របតាមនិន្នាការកំណើនជាលំដាប់នេះ ប្រទេសទាំងពីរ ក៏បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅ ២០ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ ។ វៀតណាមឈរនៅ លំដាប់ទី ៥ នៃការវិនិយោគបរទេសនៅកម្ពុជា ហើយលំដាប់ទី ២ (បន្ទាប់ពីប្រទេសសិង្ហបុរី) ក្នុង ចំណោមប្រទេសសមាជិកអាស៊ាន ។ ចំនួនទេសចរវៀតណាមមកកម្ពុជា បានកើនឡើងជិត ៣២% ឈរនៅលំដាប់ទី២។ មកដល់ពេលនេះ យើងមានជើងហោះហើរត្រង់សរុប ១០០ជើង ក្នុងមួយសប្តាហ៍ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ២ និងកម្ពុជាចំនួន២ ។
ខ្ញុំក៏សូមកត់សម្គាល់ដោយពេញចិត្ត ចំពោះការប្ដេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យគន្លឹះមួយចំនួន រួមមាន៖ ការពារជាតិ និង សន្តិសុខ អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ ។
កម្ពុជា និង វៀតណាម បាន និង កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និង គាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និង អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និង ក្របខ័ណ្ឌអនុតំបន់ ផ្សេងទៀត ដែលមិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×