រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ចាប់តាំងពីព្រឹកមកនិងបន្តរហូតមកដល់ពេលនេះ។
ភាគីកម្ពុជានិងថៃបានឈានទៅសម្រេចលើចំណុចឯកភាពគ្នាមួយចំនួននិងបន្តពិភាក្សាលើចំណុចនៅសេសសល់ ដើម្បីឈានដល់ការឯកភាពគ្នាទាំងស្រុងលើកំណត់ហេតុប្រជុំ មុនកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ក្រសួងការពារជាតិ បានឲ្យដឹងថា ជាលទ្ធផល កិច្ចប្រជុំក្រុមលេខា បានប្រព្រឹត្តទៅដោយមានការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្រោយពេលជួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃនេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




