អ្នកស្រី Ivana Trump ភរិយាដំបូងរបស់ប្រធានាធិបតី Trump និយាយថា ជំទាវទី១ Melania Trump បានផ្ទុះកំហឹងក្រោយពេលអ្នកស្រីរំលឹកឡើងវិញ នូវរឿងដែលទាក់ទងដល់គោរម្យងារជំទាវទី១។
អ្នកស្រី Ivana Trump និងអ្នកស្រី Melania Trump “ខ្ញុំបាននិយាយថា ខ្ញុំជាជំទាវទី១ ដំបូងរបស់លោកត្រាំ ហើយជំទាវទី១ Melania Trump បានផ្ទុះកំហឹងដោយសាររឿងនោះ។ ខ្ញុំពុំយល់ថា រឿងប្រព្រឹត្តទៅបែបណាទេ។ ខ្ញុំពុំដឹងថា ហេតុអ្វី ប៉ុន្តែប្រាកដថា ជាជំទាវទី១ ដំបូងរបស់លោក Trump” អ្នកស្រី Ivana ចែករំលែកក្នុងកម្មវិធី The Ray D’Arcy Show ផ្សាយនៅយប់ថ្ងៃទី ២៥/១១។
“ខ្ញុំបានរៀបការជាមួយ Donald (Trump) ខ្ញុំមានកូន ៣ នាក់ ជាមួយគាត់ ហើយខ្ញុំពុំយល់ថា ហេតុម្តេចនាង (Melania Trump បែរជាមួរម៉ៅចំពោះរឿងនោះ?” -អ្នកស្រី Ivana សង្កត់ធ្ងន់។
នៅពេលដែលត្រូវបានសួរថា តើអ្នកស្រីមានគិតថា អ្នកស្រី Melania កំពុងបំពេញមុខងារជាជំទាវទី១ ល្អដែរឬទេ? ភរិយាដើមរបស់លោក ដូណាល់ ត្រាំ ឲ្យដឹងថា ៖ “ខ្ញុំគិតថា នាងកំពុងប្រឹងប្រែងខ្លាំងណាស់”។
ពេលរំលឹកដល់ប្រធានាធិបតី ត្រាំ ខណៈពេលកំពុងនៅជាឪពុករបស់ក្មេងប្រុស ៣ តូចៗ អ្នកស្រី Ivana ពោលថា គាត់ពិតជាយកចិត្តទុកដាក់ដល់កូនៗខ្លាំងណាស់។ គាត់ស្រឡាញ់ពួកវា។ ប៉ុន្តែគាត់ពុំមែនជាប្រភេទឪពុកនាំកូនទៅដើរលេងនៅសួនឧទ្យាន ឬលេងបាល់ជាមួយពួកវា។ ពេលណាក៏គាត់កាន់ទូរស័ព្ទដើម្បីធ្វើការ។ ពួកក្មេងៗនាំគ្នាអង្គុយលេងរៀបអក្សរលើកម្រាលព្រំខណៈពេលដែលគាត់គិតតែពីស្តាប់ទូរស័ព្ទចរចារឿងរកស៊ី។
អ្នកស្រី Ivana ថតរូបជាមួយកូនទាំង ៣ នាក់ ដែលមានជាមួយប្រធានាធិបតី ត្រាំ អ្នកស្រី Ivana បានរៀបការជាមួយលោក ត្រាំ នៅឆ្នាំ ១៩៧៧។ អ្នកទាំង ២ មានកូនរួមគ្នា៣នាក់ គឺEric, Donald Jr និង Ivanka Trump មុនពេលលែងលះគ្នានៅឆ្នាំ១៩៩២ ។ អ្នកស្រី Ivana កំពុងជំរុញយុទ្ធនាការឃោសនា ដល់សៀវភៅកំណត់ត្រាដែលអ្នកស្រីសរសេរ មានចំណងជើងថា “Raising Trump” ក្នុងនោះគាត់បានរំលឹកយ៉ាងលំអិតពីដំណើរការចិញ្ចឹមបីបាច់កូនទាំង៣ ដែលមានដំណក់ឈាមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
ក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី Good Morning America របស់ស្ថានីយ៍ ABC កាលពីថ្ងៃទី៩/១០ អ្នកស្រី Ivana បានធ្វើឲ្យសាធារណៈមតិរំជើបរំជួលគ្រាអះអាងថា អ្នកស្រីក៏ជាជំទាវទី១ អាមេរិក។ សេចក្តីថ្លែងការណ៍បែបនេះរបស់ភរិយាដើមប្រធានាធិបតីត្រាំ ភ្លាមៗនោះទទួលបានការប្រឆាំងពីសំណាក់ខុទ្ទកាល័យរបស់អ្នកស្រី Melania Trump ដែលកំពុងជាជំទាវទី១ អាមេរិក។
តំណាងរបស់អ្នកស្រី Melania Trump និយាយថា ការប្រកាសរបស់អ្នកស្រី Ivana គ្រាន់តែជារបៀបមួយបំណងអូសទាញចំណាប់អារម្មណ៍របស់សាធារណមតិក្នុងខណៈពេលដែលគាត់ ត្រៀមបោះពុម្ពផ្សាយសៀវភៅកំណត់ត្រា ។ ឆ្នាំ ២០១៦ អ្នកស្រី Ivana ធ្លាប់ទម្លាយចេញព័ត៌មានថា អ្នកស្រីបានស្នើសុំឲ្យអតីតស្វាមីតែងតាំងខ្លួនធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសាធារណរដ្ឋឆែក ព្រោះនោះជាមាតុភូមិរបស់អ្នកស្រី៕ ដោយ ៖ ចន្ទ្រា